ខេត្តកណ្ដាល ៖ មនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លឺងកើតហេតុ ខណៈជិះម៉ូតូមិនប្រយ័ត្នបានបុកគូថរថយន្តពីក្រោយពេញមួយទំហឹងដែលចតលើស្ពានកំពុងធ្វើការជួសជុល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ យ៉ុង និត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1C-2938 រួមដំណើរម្នាក់ឈ្មោះ សឿនអ៊ូក ភេទប្រុស អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិអំពិលទឺក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកហ៊ីណូ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ស្ទឺងត្រែង3A-9248 អ្នកបើកបររត់គេចខ្លួនបាត់ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងម៉ាកហ៊ីណូខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុលើស្ពានត្សឹបាសា ស្រាប់តែរថយន្ដខូចទៅមុខលែងរួច ភ្លាមនោះអ្នកបើកបរថយន្ដបានឈប់រថយន្ដ រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវជាសញ្ញា ដើម្បីធ្វើការជួសជុល ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ បានជិះក្នុងល្បឿនលឿន បានជិះមកបុករថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូនិងអ្នករួមដំណើរស្លាប់ដួលបោកក្បាលទៅនិងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរថយន្ដ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំងស្លាប់ទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ
...