សាវឌីអារ៉ាប៊ីវាយស្ទាក់មីស៊ីល៧ដើមបាញ់ប្រហារពីយេមែន

ចែករំលែក៖

កម្លាំងទាហានការពារដែនអាកាសសាវឌីអារ៉ាប៊ី បានវាយស្ទាក់កម្ទេចមីស៊ីលរបស់កម្លាំងក្រុមបះបោរហូធី នៅយេមែន កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងនោះមានមីស៊ីល១ដើម ហោះលើអាកាស ចំកណ្តាលទីក្រុង Riyadh។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសដើមកំណើតអេហ្ស៊ីម្នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ដោយសារតែត្រូវបំណែកធ្លាក់ពីលើកអាកាស នៅទីក្រុង Riyadh ដោយការបាញ់កម្ទេចមីស៊ីលហោះកាត់នោះ។ ពលរដ្ឋនៅទីក្រុង ក៏បានឭសូរសំឡេងផ្ទុះយ៉ាងខ្លាំង និងពន្លឺនៅលើអាកាសពេលមីស៊ីលផ្ទុះផងដែរ។

កម្លាំងក្រុមបះបោរហូធី បានបាញ់មីស៊ីល៣គ្រាប់ សម្តៅទៅលើទីក្រុង Riyadh និង៤គ្រាប់ទៀត សម្តៅទៅលើទីក្រុងនៅភាគខាងត្បូង។ ក្រុមហូធី តែងតែបើកការវាយប្រហារទៅលើទីក្រុងដែលមានពលរដ្ឋរស់នៅច្រើន។ តាំងពីដើមមករដ្ឋាភិបាលសាវឌីអារ៉ាប៊ី តែងតែចោទប្រកាន់អុីរ៉ង់ ថាជាអ្នកផ្គត់ផ្គង់មីស៊ីល និងក្រុមអ្នកឯកទេសបាញ់មីស៊ីល ទៅជួយដល់ក្រុមហូធី។

សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យកម្លាំងទាហានអាកាសសាវឌីអារ៉ាប៊ី គឺលោក Turki Al Malki ដែលបានបញ្ជាក់ថា «សកម្មភាពវាយប្រហាររបស់ក្រុមហ៊ូធី បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងតេអុីរ៉ង់នៅតែបន្តគាំទ្រ និងបំពាក់អាវុធដល់ក្រុមហូធីដដែល»។

លោកបន្តទៀតថា ការបាញ់មីស៊ីលសម្តៅចូលទីក្រុង បានបង្ហាញយ៉ាងច្បាស់ថា ស្ថានភាពនៅតែបន្តតានតឹង ហើយក្រុមហូធីនៅតែជាអ្នកបង្កហេតុដដែល។

ក្នុងពេលជាមួយគ្នានេះ បណ្តាញព័ត៌មាន Al Masira របស់ក្រុមហ៊ូធីបានបញ្ជាក់ថា កម្លាំងក្រុមបះបោនៅយេមែន បានបាញ់មីស៊ីល ចូលអាកាសយានដ្ឋានអន្តរជាតិ Khalid នៅទីក្រុងរីយ៉ាដ ក៏ដូចជាទីតាំងសំខាន់ៗជាច្រើនទៀត នៅភាគខាងត្បូង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print