លិខិតមិត្តអ្នកអាន៖ ជួយរំដោះចិញ្ចើមផ្លូវតាមអគារសាធារណៈមុនដំបូង

ចែករំលែក៖

ជុំវិញអគារសាធារណៈរបស់រដ្ឋបច្ចុប្បន្នក្លាយជាចំណាប់ខ្មាំង នៃ​ទីកន្លែងផ្ញើម៉ូតូស្ទើរតែអស់ទៅហើយ ។ ការដែលគេដាក់តាំងលក់ទំនិញ ឬលក់របស់ហូបចុកនៅតាមរបង​ចិញ្ចើមផ្លូវអគារសាធារណៈរបស់រដ្ឋ ធ្វើឲ្យ​ផ្លូវកាន់តែរួមតូច ។ ទិដ្ឋភាពបែបនេះគេអាចមើលនឹងភ្នែកឃើញដោយផ្ទាល់ ជាក់ស្តែងនៅក្រោយមន្ទីរពេទ្យកុមារជាតិ ហ៊ុំព័ទ្ធទៅដោយកន្លែងលក់រថយន្ត និងលក់ចំណីចំណុក ។ អគារធំមួយនៅខាងលិចមន្ទីរពេទ្យកុមារជាតិ គ្មានចំណតត្រឹមត្រូវនោះទេ ដូច្នេះ បុគ្គលិកក្រុមហ៊ុនដែលធ្វើការនៅអគារនោះ ត្រូវបង្ខំចិត្តយកម៉ូតូដាក់​ផ្ញើជាប់នឹងរបងខាងលិចមន្ទីរពេទ្យកុមារជាតិ ។ ចំណុចនេះធ្វើឲ្យផ្លូវកាន់តែរួមតូច ។ នៅជុំវិញមន្ទីរពេទ្យកុមារជាតិ គ្មានកន្លែងទំនេរទេ ។ អាជ្ញាធរគួរដោះស្រាយបញ្ហាចំណុចត្រង់នេះមុនគេ ពោលគឺមិនមែនតែជុំវិញមន្ទីរពេទ្យកុមារជាតិទេ នៅជុំវិញមន្ទីរពេទ្យរដ្ឋដទៃទៀត ក៏យ៉ាងដូច្នេះដែរ ។

នៅឯមុខមន្ទីរពេទ្យព្រះកេតុមាលា ក៏គេព័ទ្ធចិញ្ចើមផ្លូវសាធារណៈធ្វើជាចំណតម៉ូតូបានប្រាក់មួយថ្ងៃៗរាប់លានរៀលដែរ ។ នៅឯមុខមន្ទីរពេទ្យកាល់ម៉ែត ក៏មានចំណតម៉ូតូនៅលើចិញ្ចើមផ្លូវដូចគ្នា ។ នៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ​ក៏យកចិញ្ចើមផ្លូវធ្វើជាចំណតម៉ូតូដែរ ។ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏យ៉ាងដូច្នោះ? នៅមុខផ្សារស្ទឹងមានជ័យ នៅគ្រាដែលមានការកកស្ទះចរាចរណ៍ជាប្រចាំនោះ ក៏ត្រូវថៅកែផ្សារនេះយកចិញ្ចើមផ្លូវធ្វើជាចំណតផ្ញើម៉ូតូដែរ ។

ករណីខាងលើ​គ្រាន់តែជាឧទាហរណ៍ខ្លះៗពាក់ព័ន្ធទៅនឹងបញ្ហាដែលនាំឲ្យមានការកកស្ទះចរាចរណ៍ ។ អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះជាចម្បងមុនគេ ពីព្រោះវាជា​អគារសាធារណៈរបស់រដ្ឋ ។ ពោលគឺវាជាគំរូ​សម្រាប់ឲ្យ​ក្រុមហ៊ុនឯកជនយកតម្រាប់តាម ។ ប៉ុន្តែនេះអគារសាធារណៈរបស់រដ្ឋឆ្លៀត​យកចិញ្ចើមផ្លូវ​សាធារណៈធ្វើអាជីវកម្ម ។ ដូច្នេះ អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះមុនគេ ដើម្បីជាគំរូដល់​ស្ថាប័នផ្សេងៗទៀត ។

ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្ញុំបាទយល់ថា បញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងសព្វថ្ងៃ មួយផ្នែកធំដោយសារការមិនគោរពច្បាប់ និងមួយផ្នែកទៀត ដោយសារការរួមតូចនៃផ្លូវ ។ ការរួមតូចនៃផ្លូវដោយសារការអនុញ្ញាតឲ្យមានការដាក់លក់ចំណីអាហារ ក៏ដូចជាទំនិញសព្វសារពើនៅលើចិញ្ចើមផ្លូវ ។ អ្វីដែលត្រូវដោះស្រាយមុនគេគឺជុំវិញអគារសាធារណៈរបស់រដ្ឋ មិនមែនជាកន្លែងសម្រាប់ផ្ញើ​យានយន្តនោះទេ ៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print