ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់បានយកដៃប៉ះបង្គោលភ្លើង បណ្តាលឲ្យបង្គោលភ្លើងដែលឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ធានាគាអេស៊ីលីដា ជិតហាងម្លិះអង្គរថ្មី ស្ថិតនៅក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឮគេហៅឈ្មោះ ភា មិនស្គាល់ត្រកូល ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកហាង តាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងនិង ខេត្តសៀមរាប។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះកំពុងដើរតាមផ្លូវ ហើយយកដៃទៅប៉ះ បង្គោលភ្លើងដែកសាធារណៈតាមដងផ្លូវ ហើយត្រូវបង្គោលភ្លើងដែកនោះឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យដួលអុកគូទស្លាប់ភ្លាមៗតែម្តង ។
ក្នុងករណីនេះបានផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថាបង្គោលភ្លើងដែកនោះឆ្លងចរន្តអគ្គិសនី ដោយសារខ្សែអគ្គិសនី(ស្រាត)របូតប៉ះនឹងបង្គោលដែកនោះ ហើយនារីរងគ្រោះមិនដឹងយកដៃទៅប៉ះ ធ្វើឲ្យកម្លាំងចរន្តខ្លាំងឆក់ស្លាប់តែម្តងទៅ ។
ក្រោយពិនិត្យរួច សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្តតាមប្រពៃណី ៕