សមត្ថកិច្ចឃាត់ខ្លួនបុរសជាងសំណង់ម្នាក់ពាក់ព័ន្ធចរាចរណ៍ប្រាក់រៀលក្លែងក្លាយ

ចែករំលែក៖

ខេត្តស្ចាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលក្រុង និងជំនាញខេត្តស្វាយរៀងឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចរាចរណ៍ប្រាក់រៀលក្លែងក្លាយ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យអ្នកយកព័ត៌មានកាសែតនគរវត្តដឹងថា ជនសង្ស័យ ដែលចរាចរណ៍ប្រាក់រៀលក្លែងក្លាយឈ្មោះ ភួង សាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញក្រុងស្វាយរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ និងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយក៏បាននាំខ្លួនជនសង្ស័យឈ្មោះ ភួង សាន មកសាកសួរ និងដកហូតវត្ថុតាងរួមមាន ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ១០.០០០រៀលចំនួន១៩៨សន្លឹក ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ៥.០០០រៀល ចំនួន ៥១សន្លឹក សរុបចំនួន ២៤៩សន្លឹក និងម៉ូតូ១គ្រឿង ។

ប្រភពបានបន្ថែមថា ជនសង្ស័យបានសារភាពថា ខ្លួនបានយកក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយ ជាប្រភេទក្រដាស់ប្រាក់ ១០.០០០រៀល មួយសន្លឹកទៅទិញមីកំប៉ុងពីម្ចាស់លក់ដូរឈ្មោះ រាជ សាវ៉ន ហៅយាយក្រិច ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរមេផ្ទះ នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ប៉ុន្តែត្រូវបានម្ចាស់លក់ដូរសង្ស័យក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print