សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រភាសាអង់គ្លេស Level 6

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ មីនា ឆ្នាំ​២០១៨ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​ជូនដល់​សិស្ស​ ភា​សា​អង់​គ្លេស​ទូ​ទៅ Level 6 ជំនាន់ទី៤៣ និងទី៤៤ ចំ​នួន ៨២០នាក់ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិទី១​ (សាខាទួល​ស្លែង)​ក្រោម​ អ​ធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ ​ឯក​ឧត្តម លី ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​ ។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL Manager) បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៦.៦០៨នាក់ ដោយឡែកសិស្សភាសាអង់គ្លេស Level​​ 6 ដែលបានប្រឡងបញ្ចប់ទាំង ៤៤ជំនាន់ មានចំនួន ១១.១៥២ នាក់។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ។នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTSយ៉ាងតិច 6.5 ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧-២០១៨​នេះ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។

សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញា​បត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញ​សំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។ បន្ទាប់​មក ឯក​ឧត្តម ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​វិញ្ញាបនបត្រដល់​សិស្ស​ជ័យ​លាភី​ទាំង​ ៨២០​នាក់​ នា​ពេល​នោះ​ផង​ដែរ​៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print