ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោកត្រីមាសទី១ឆ្នាំ២០១៨

ចែករំលែក៖

នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០១៨ ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោក ប្រែប្រួលគួរឲ្យគត់សម្គាល់ពិសេសគឺនយោបាយរបស់ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី និងអឺរ៉ុប ដោយប្រទេសទាំងនោះដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការរក្សាស្ថិរភាពនយោបាយ និងសន្តិ សុខរបស់ពិភពលោក។ នៅពេលដែល ប្រទេស ទាំងនោះ មាននយោបាយមិនស៊ីចង្វាក់គ្នានោះក៏នឹងអូសទាញពិភពលោកទាំងមូល ធ្លាក់ចូលក្នុងវិបត្តិ ដូចគ្នា ។

អំពីស្ថានភាពនយោបាយ ពិភពលោក ត្រីមាសទី១ឆ្នាំ២០១៨៖

អង្គការសហប្រជាជាតិ ត្រូវបានទីក្រុង វ៉ាស៊ីនតោន ប្រើប្រាស់ដើម្បីរក្សាមូលដ្ឋានគ្រឹះនៃមហាអំណាចពិភពលោករបស់ អាមេរិក

តាំងពីដើមមក អាមេរិកមិនដែលចាត់ ទុកអង្គការកំពូលមួយនេះ (UN) នៅក្នុង ខ្សែភ្នែករបស់ខ្លួនឡើយ ដោយអាមេរិក ធ្វើអ្វីតែងតែរំលង លើអង្គការនេះជានិច្ច ។ ដោយសារតែអង្គការមួយនេះ ត្រូវបាន មនុស្សជាច្រើនចាត់ទុកថា ជាស្ថាប័នមួយ ដែលអាមេរិក ប្រើប្រាស់សម្រាប់ដាក់គំនាបទៅលើប្រទេសដែលមិនស្តាប់អាមេរិក ប៉ុណ្ណោះ មិនមែនសម្រាប់ ដាក់គំនាបទៅលើ អាមេរិកឡើងយ។ ការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អីុរ៉ាក់ ឬក៏ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល ទាំងខុសច្បាប់ ក៏អាមេរិកមិនដែលឆ្លងកាត់អង្គការសហប្រជាជាតិនោះដែរ ដោយអាមេរិកធ្វើរួចទើប ស្នើឲ្យអនុ ម័តជាក្រោយ។ មិនតែប៉ុណ្ណោះ បើអង្គការ សហប្រជាជាតិ មិនស្តាប់តាមអាមេរិកនោះ នឹងត្រូវកាត់ជំនួយ បង្កផលលំបាកដល់ អង្គការសំខាន់មួយនេះ។

នៅក្នុងឱកាសនៃខួបទី ៧៦ឆ្នាំថ្ងៃបង្កើតអង្គការសហប្រជាជាតិ ដែលផ្តួចផ្តើម ដោយអាមេរិក និងអង់គ្លេសនោះ ពេលនេះកំពុងតែបាត់បង់ឥទ្ធិពលបន្តិចម្តងៗដោយសារតែអាមេរិកបាន កាត់បន្ថយ ជំនួយ ជាច្រើនដល់អង្គការកំពូលមួយ នេះ។

ក្រុមអ្នកប្រឆាំងធ្លាប់បានលើកឡើងថា អង្គារសហប្រជាជាតិគឺជា សេណារីយោ របស់អាមេរិក ក្នុងការជួយពង្រឹងអំណាច និងរក្សាមហាអំណាចរបស់អាមេរិក និង សម្ពន្ធមិត្ត ។រាល់សកម្មភាពរបស់អង្គការ សហប្រជាជាតិ គឺតែងតែនៅពីក្រោយការចង្អុលបង្ហាញរបស់អាមេរិក ជានិច្ច ។ ចំណែកអាមេរិកវិញតែងតែធ្វើសកម្មភាពមុនការសម្រេចរបស់អង្គការសហប្រជាជាតិ គឺធ្វើរួចទើបស្នើអង្គការសហប្រជាជាតិអនុម័ត តាមក្រោយ ដូចជាការវាយប្រហារ អាហ្វហ្គានីស្ថាន និងអីុរ៉ាក់ជាដើម។

នៅពេលនេះអង្គការសហប្រជាជាតិ ដូចជាអស់ប្រសិទ្ធភាព ក្នុងការជួយដល់ អាមេរិក បិទបាំងនូវកំហុសរបស់ខ្លួន ដូច ជាករណីហ្សេ៊រុយសាឡឹម អង្គការសហ ប្រជាជាតិបានបោះឆ្នោតប្រឆាំងនឹងអាមេរិក ។ ទាំងនោះហើយធ្វើឲ្យអាមេរិក ក៏ដូច អុីស្រាអែលកាត់ជំនួយជាច្រើន ដល់អង្គ ការនេះ។

ពាក់ព័ន្ធនឹងប្រវត្តិនៃការបង្កើតអង្គការសហប្រជាជាតិ គឺ នៅថ្ងៃទី១ ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយក រដ្ឋមន្រ្តីអង់គ្លេស លោកWinston Churchill ចេញសេចក្តីប្រកាសមួយ ដែលជាការ ចុះហត្ថលេខា ដោយអ្នកតំណាង នៃប្រទេស ចំនួន២៦ ដែលត្រូវបានគេហៅ ឈ្មោះ ថាជា “អង្គការសហប្រជាជាតិ ឬUnited Nation” ។ ប្រទេសហត្ថលេខី នៃសេចក្តី ប្រកាសនេះ បានប្តេជ្ញា បង្កើតអង្គការអន្តរ ជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំ គឺការថែរក្សា សន្តិភាពក្រោយសង្គ្រាម។

ដើមឆ្នាំ១៩៤៥តំណាង នៃបណ្តា ប្រទេស ចំនួន៥០ បានជួបគ្នាម្តងទៀត នៅសាន់ហ្វ្រានស៊ីស្កូ នៅឯសន្និសីទអង្គ ការ សហប្រជាជាតិស្តី ពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញ អង្គការសហប្រជា ជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សា លើមូលដ្ឋាន នៃសំណើដែលបាន ធ្វើឡើង ដោយតំណាងមកពីចិន សហភាពសូវៀត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិក កាលពីខែសីហា ដល់ខែតុលាឆ្នាំ១៩៤៤។

ទីបំផុតរដ្ឋធម្មនុញ្ញនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នក តំណាងនៃប្រទេសទាំង៥០។ ប្រទេសប៉ូឡូញ មិនត្រូវបានបញ្ជូនតំណាង មកចូលរួម នៅសន្និសីតលើកនេះទេ ប៉ុន្តែក្រោយពីបានចុះហត្ថលេខាលើច្បាប់ រដ្ឋ ធម្មនុញ្ញនៅពេលក្រោយ ហើយបានក្លាយ ជារដ្ឋសមាជិកទី៥១ នៃអង្គការសហប្រជា ជាតិ។

មហាអំណាចចិនកាន់តែរឹងមាំនិងខ្លំាងជាងមុនក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង

ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការដឹកនាំ ប្រទេសមហាអំណាចទីពីរលើពិភព លោក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិក បក្សកុម្មុយនីស្តចិន ពិសេសគឺនយោបាយប្រឆាំងអំពើពុករលួយមិនរើសមុខ ។ ក្នុងពេលកាន់អំណាច លោកសុី បានបោសសម្អាតមន្ត្រីជាន់ខ្ពស់ពុករលួយជាង ១០០នាក់ ដោយមន្ត្រីទាំងនោះពីមុន មក មិនមានមេដឹកនាំណាមួយអាចប៉ះ ពាល់បានឡើយ។

កត្តាទាំងនោះហើយ បានជួយឲ្យលោក សុី ជីនពីងក្លាយទៅជាមេដឹកនាំចិនអស់ មួយជីវិត ក្រោយពេលសភា ប្រជាជនចិនបានបោះឆ្នោតសម្រេចលុបចោល ច្បាប់ កំណត់អាណត្តិរបស់មេដឹកនាំ។ កាលពី ថ្ងៃទី១១ ខែមីនា សភាប្រជាជនចិន បាន បោះឆ្នោតអនុម័ត ឲ្យលុបចោលការកំណត់ពីរអាណត្តិរបស់ប្រធានាធិបតីចិន។ ជា មួយ នឹងសំឡេងគាំទ្រ ២.៩៥៨សំឡេង និង ប្រឆាំងតែ២សំឡេង សមាជិកសភា ប្រជា ជនចិន បានបោះឆ្នោតគាំទ្រ កំណែ ទម្រង់ រដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យ លោកស៊ី ជីនពីង ប្រធានាធិបតីបច្ចុប្បន្ន របស់ចិន អាចនៅបន្តកាន់អំណាច អស់ មួយជីវិត។

ជាមួយនឹងសំឡេងគាំទ្រ ២.៩៥៨ សំឡេង ប្រឆាំង២សំឡេង ហើយនិងអនុ ប វាទ ចំនួន៣ សភាប្រជាជនចិនបានលុបចោលមាត្រាដែលកំណត់អាណត្តិរបស់ ប្រធានាធិបតី។ ទៅតាមកំណែទម្រង់រដ្ឋ ធម្មនុញ្ញ គេបានបញ្ចូលផងដែរ ទស្សនៈ កម្មុយនីស្ត របស់លោកស៊ី ជីនពីង ទៅក្នុង រដ្ឋធម្មនុញ្ញទៀតផង ដែលនេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ថ្នាក់ ដឹកនាំចិនណា ក្រៅតែពី លោក ម៉ៅ សេ ទុង។ នៅថ្ងៃអាទិត្យ គេបានបញ្ចូលផងដែរពីតួនាទីរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តទៅក្នុងរដ្ឋធម្មនុញ្ញចិន។ ចំណាត់ការនេះអាចធ្វើឲ្យគេកាត់យល់ថា អាជ្ញាធរចិននឹង អាចយកលេសបង្រ្កាប អ្នកប្រឆាំងនឹងរបប កុម្មុយនីស្ត នៅក្នុងបទចោទប្រកាន់រំលោភច្បាប់ក្នុងរដ្ឋធម្មនុញ្ញ។

តាមធម្មតាលោកស៊ី ជីនពីង អាយុ ៦៤ឆ្នាំ ត្រូវបញ្ចប់អាណត្តិទី២របស់លោក នៅឆ្នាំ ២០២៣។ ប៉ុន្តែ នៅពីរសប្តាហ៍មុន នេះ បក្សកុម្មុយនីស្តបានប្រកាសដំណឹង គួរឲ្យភ្ញាក់មើលមួយ នោះ គឺបក្សបាន សម្រេចឲ្យគេលុបចោលមាត្រាដែលមានចែងពីការកំណត់អាណត្តិប្រធានាធិបតី។ គេដឹងច្បាស់ណាស់ថា គំនិតនេះគឺចេញ មកពីលោកស៊ី ជីនពីង ព្រោះលោកជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលជា តំណែងដឹកនាំកំពូលរបស់ចិន។

លោកពូទីនជាប់ឆ្នោតប្រធានាធិបតី រុស្ស៊ី ថែម១អាណត្តិ៦ឆ្នាំទៀត

ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុងមូស្គូ ក្រោយទទួលបានជ័យ ជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃទី១៨ ខែមីនា ។

NKD-36x6_outline

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បាន ទទួលជ័យជម្នះលើសលប់ នៅក្នុងការ បោះឆ្នោត ជួយឲ្យលោកបន្តដឹកនាំរុស្ស៊ី បន្ថែមមួយអាណត្តិ៦ឆ្នាំទៀត ក្នុងពេល ដែលរុស្ស៊ី កំពុងតែ ប្រឈមមុខតានតឹង ជាមួយលោកខាងលិច ។

ជ័យជម្នះខាងលើរបស់លោកពូទីន ជួយឲ្យលោកដឹកនាំរុស្ស៊ីបន្តរហូតដល់លោកមានវ័យ៧១ឆ្នាំ ។ កន្លងមកមានតែ អតីតមេដឹកនាំសហភាពសូវៀត លោក Josef Stalin កាន់តំណែងយូរបំផុត ។ លោកពូទីន បានសន្យាថា នៅក្នុងអាណត្តិ ថ្មីនេះ លោកនឹងបង្កើនសមត្ថភាពការពារ រុស្សុីគេចផុតពីការគំរាមកំហែង ពីលោក ខាងលិច និង បង្កើនជីវភាពរស់នៅរបស់ ពលរដ្ឋ ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា មិនខុសអ្វីពីការព្យាករឡើយ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី បានប្រកាស ថា លោកពូទីន ទទួលបានជ័យជម្នះ ដោយមានសំឡេងគាំទ្រ៧៥,៩ភាគរយ ក្នុងចំណោមសន្លឹកឆ្នោត ៧០ភាគរយ ដែលបានរាប់ ។

នៅក្នុងសុន្ទរកថា អបអរជ័យជម្នះ នៅទីលានក្រហម លោកពូទីន បាន បញ្ជាក់ថា ជាមួយនឹងសន្លឹកឆ្នោតគាំទ្រ គឺជាទំនុកចិត្ត របស់ពលរដ្ឋ សម្រាប់ រូបលោក ក្នុងរយៈពេលដែលកាន់អំណាច នាពេលកន្លងមក ។ លោកពូទីនបាន បញ្ជាក់ថា «ការរក្សា សាមគ្គីភាព គឺជារឿង ដ៏សំខាន់បំផុត យើងនឹងគិតពីអនាគត ប្រទេសជាតិ» ។ ពលរដ្ឋគាំទ្របានស្រែក ហ៊ោ ពេញផ្លូវ គាំទ្រ លោកពូទីន ។

លោកពូទីន បានបញ្ជាក់ថា នៅមាន ឧបសគ្គជាច្រើននៅខាងមុខ ហើយរុស្ស៊ី កំពុងតែមានឱកាសដើម្បីឈានទៅមុខ ។

នៅក្នុងការស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកទទួលបានការគាំទ្រពីពលរដ្ឋរុស្ស៊ីរហូតដល់ ៨០ភាគ រយ ដូច្នេះការទទួលជ័យជម្នះនេះ មិនបង្កឲ្យមានការភ្ញាក់ផ្អើលនោះឡើយ ដោយ គេដឹកថា លោក នឹងជាប់ជាប្រធានាធិបតី ១០០ភាគរយ ។

តាមរដ្ឋធម្មនុញ្ញរុស្ស៊ី ប្រធានាធិបតី អាច កាន់តំណែងបានតែពីរអាណត្តិ ប៉ុណ្ណោះ ដូច្នេះ នៅក្នុងពេលបញ្ចប់អាណត្តិ នេះនា ឆ្នាំ២០២៤ លោកនឹងបញ្ចប់តំណែង ប្រធា នាធិបតី ។ ប៉ុន្តែលោកអាចបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រី ដូចដែលបានធ្វើនៅឆ្នំា ២០០៨ ក្រោយបញ្ចប់អាណត្តិប្រធានាធិបតី២អាណត្តិ ហើយលោកទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយមកក៏បន្តឈរឈ្មោះប្រធានាធិបតីជាបន្តទៀត ។

ជាមួយនឹងការជាប់របស់ មេដឹកនាំ មហាអំណាចបរមាណូទាំងពីរ គឺជាក្តី កង្វល់យ៉ាងខ្លាំង ដល់អាមេរិក ដោយមាន តែមេដឹកនាំទាំងពីរ ទើបមានសមត្ថភាព គ្រប់គ្រាន់ រារាំងគោលនយោបាយ ដាក់ពិភពលោក ទាំងមូល ក្រោមនយោ បាយអាមេរិក។

ការដំឡើងពន្ធរបស់អាមេរិក និងការ ដកតំណែង រដ្ឋមន្ត្រីការបរទេស

ព្រឹត្តិការណ៍ ចាប់អារម្មណ៍បំផុតនៅក្នុងត្រីមាសទី១ឆ្នាំ២០១៨ ក្នុងនោះមានការ ដំឡើងពន្ធ ដារបស់អាមេរិកទៅលើ ផលិតផលដែកថែប រហូតដល់២៥ភាគរយ និងអាលុយមីញ៉ូម ដែលជាប្រធានបទ បង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង នៅ លើពិភពលោក សូម្បីតែប្រទេសជាសម្ពន្ធមិត្តអាមេរិកក៏ប្រឆាំងដែរ។

ក្រៅពីនេះ ការដកតំណែង រដ្ឋមន្ត្រីការ បរទេស អាមេរិក លោក Rex Tillerson ដែលជាហេតុធ្វើឲ្យនយោបាយការ បរទេស អាមេរិក ប្រែប្រួល ហើយអាច អូសទាញពិភពលោកទាំងមូលប្រែប្រួល ផងដែរ។

អាមេរិក និង ២៧ប្រទេសផ្សេងទៀត បណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេស

កាលពីថ្ងៃទី២៦ខែមីនា អាមេរិកបានប្រកាសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៦០រូប ដែលជាសកម្មភាព តបតទៅលើ ប្រទេសរុស្ស៊ី ក្នុងករណី បំពុលចារបុរស ជនជាតិរុស្ស៊ី Sergei Skripal នៅទីក្រុង ឡុង ប្រទេសអង់គ្លេស។ ជាមួយគ្នានោះប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីក៏បានដើរតាមគន្លងរបស់អាមេរិក បណ្តេញ មន្តី្រការបរទេសរុស្ស៊ី ផងដែរ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នេះ ជាសកម្មភាព ចាស់ដៃបំផុត របស់លោក ត្រាំ ទៅលើបរទេសរុស្ស៊ីចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអបអរសាទរ ដល់ការសម្រេច ខាងលើរបស់អាមេរិក និងបណ្តាប្រទេស ជាមិត្ត ក្នុងនោះមានប្រទេសនៅក្នុងតំបន់អឺរ៉ុប។ នេះជាការបណ្តេញមន្ត្រីការបរទេសរុស្ស៊ីជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ មកទល់ពេលនេះ ដោយមាន២៤ប្រទេស (វាយប្រហារ សមោហភាព) ទៅលើប្រទេសរុស្ស៊ី។

ក្រោយពេលប្រទេសចំនួន២៤បានវាយប្រហារទៅលើរុស្ស៊ី ដោយបណ្តេញ មន្ត្រីការបរទេស រុស្ស៊ីក៏បានប្រកាសថា នឹងវាយបកវិញ ដូចទៅនឹងអ្វីដែលអាមេរិកអឺរ៉ុបធ្វើទៅលើរុស្ស៊ី។

ក្នុងចំណោម២៤ប្រទេស ដែល វាយប្រហាររុស្ស៊ីតាមរយៈបណ្តេញមន្ត្រីការ បរទេស ក្នុងនោះមាន១៥ប្រទេសជា សមាជិកអឺរ៉ុប រួមជាមួយ កាណាដា អូស្ត្រាលី ។ កាលពីថ្ងៃទី២៦ខែមីនា ប្រទេសទាំងនោះបានសម្រេច បណ្តេញ មន្ត្រីការបរទេសរុស្ស៊ី ក្រោយការចោទ ប្រកាន់ថារុស្ស៊ីបានបំពុលចារបុរសជនជាតិរុស្ស៊ីនៅអង់គ្លេស។ មេដឹកនាំអឺរ៉ុប ទាំង ២៨ប្រទេស បានគាំទ្រអង់គ្លេស នៅក្នុង រឿង រុស្ស៊ីបំពុលចារបុរស។ ក្នុងចំណោម ប្រទេសដែល បណ្តេញ មន្ត្រីការបរទេស ច្រើនជាងគេ គឺ មានអ៊ុយក្រែនឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិកដោយបានបណ្តេញមន្ត្រីការបរទេសដល់ទៅ១៣រូប។

នៅពេលនេះដែរ រុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន ក៏បានឡើងគម្រោងវាយបកដោយបណ្តេញមន្ត្រីការបរទេស បណ្តា ប្រទេសលោកខាងលិច ចេញពីរុស្ស៊ី ដូចដែលបានធ្វើចំពោះអង់គ្លេសដូចគ្នា ។កន្លង មកអង់គ្លេសបានបណ្តេញមន្ត្រីការបរទេសរុស្ស៊ី២៣រូប ហើយរុស្ស៊ីក៏បណ្តេញ មន្ត្រី ការបរទេសអង់គ្លេស២៣រូបវិញ ដូចគ្នា។

អំពីសន្តិសុខ ពិភពលោកត្រីមាស ទី១ឆ្នាំ២០១៨

ទោះបីមានការវាយប្រហារ ជាច្រើន បានកើតឡើងនៅលើពិភពលោក ក្នុងនោះ មាន ការវាយប្រហាររបស់ក្រុមហូធីនៅយេមែនទៅលើប្រទេសសាវឌីអារ៉ាប៊ី ដោយ មីស៊ីល ហើយអារ៉ាប់បានចោលប្រកាន់ ថាអីុរ៉ង់ជាអ្នកនៅពីក្រោយជួយដល់ក្រុមនេះក្នុងការវាយប្រហារ សាវឌីអារ៉ាប៊ី ។ ក្រៅពីនេះ នៅមាន សង្គ្រាមវាយប្រហារនៅ ប្រទេសស៊ីរី រវាងទាហានរដ្ឋាភិបាលនិង ក្រុម ឧទ្ទាម បណ្តាលឲ្យពលរដ្ឋ ជាច្រើន បានស្លាប់និង ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

ប៉ុន្តែនេះមិនមែនជារឿងថ្មីនោះឡើយ ដោយសារតែបានកើតឡើងជាយូរឆ្នាំមកហើយ អូសបន្លាយរហូតមកទល់ពេល នេះ។

ចំណែករឿងរ៉ាវសន្តិសុខ ដែលចាប់ អារម្មណ៍បំផុត នាពេលនេះ គឺ កូរ៉េខាង ជើង កូរ៉េខាងត្បូងនិងអាមេរិក។ នៅពេល នេះកូរ៉េខាងជើង និងកូរ៉េខាងត្បូងបាន ព្រមព្រៀងគ្នា ជួបពិភាក្សាជាន់ខ្ពស់នៅ ចុងខែមេសា ខាងមុខ ។

មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងជើង ក៏បានស្នើជួបពិភាក្សា ជាមួយប្រធានាធិប តីអាមេរិកដូណាល់ ត្រាំ ហើយសំណើ នោះត្រូវបាន លោកត្រាំយល់ព្រមភ្លាមៗពីកិច្ចពិភាក្សាជាន់ខ្ពស់នេះ ។ នៅចុងខែ ឧសភា ឆ្នាំ២០១៨នេះ លោកត្រាំ និងគីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាជាលើកដំបូង ហើយលោកត្រាំក្លាយជាប្រធានាធិបតីទី មួយដែលបាន ពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងជើង ។

...

នៅថ្ងៃទី២៦ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅលើពិភពលោកបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ច ទៅក្រៅ ប្រទេសជាលើកដំបូង ។ លោកគីមជុងអ៊ុនធ្វើដំណើរតាមរថភ្លើងទៅកាន់ព្រំដែន ប្រទេសចិន ។ ដំណើរទស្សនកិច្ចនោះត្រូវបានគេវាយតម្លៃថា ជាការត្រៀមលក្ខណៈមុនពេលជួបពិភាក្សាជាមួយ មេដឹកនាំកូរ៉េ ខាងត្បូង និងអាមេរិក របស់លោកគីម ជុងអ៊ុន៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print