ភ្នំពេញ៖ពន្លឺយុត្តិធម៌សម្រាប់សពនារីស្រស់ស្អាត ចេវ សុវឌ្ឍនា ជិតឃើញហើយ នៅពេលសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣១ ខែមីនា បញ្ជូនជនសង្ស័យ៥នាក់ មាននារីផងនោះ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់។
ស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង ជនសង្ស័យ៤នាក់ទៀត កំពុងស្ថិតក្រោមការសាកសួររបស់តុលាការ ។
សមត្ថកិច្ចបានបំបែកសំណុំរឿងស្ត្រីរូបស្រស់ឈ្មោះ ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា ដែលស្លាប់ដោយរូបភាពធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងបង្អួចក្នុងភូមិគ្រឹះ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មិនមែនជាករណីអត្តឃាតនោះទេ គឺជាការអំពើឃាតកម្ម។
ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបឱ្យដឹងថា នៅមានជនសង្ស័យជាច្រើនទៀត អាចពាក់ព័ន្ធករណីដ៏កក្រើកនេះ៕ចេស្តា