ខេត្តត្បូងឃ្មុំ ៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានកើតឡើងនៅស្រុកត្បូងឃ្មុំ និងបានផ្ដាច់យកជីវិតមនុស្សមួយគ្រួសារសរុប៤នាក់ ឈាមស្រោចពេញលើផ្ទះ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅក្នុងផ្ទះក្បឿងមួយកន្លែង ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១១ថ្ងៃ ត្រង់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូង លើករណីឃាតកម្មសម្លាប់មនុស្សចំនួនបួន នាក់(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់)គឺអាចជាប្តីចុងអ្នកប្រព្រឹត្ត។
លោកវរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើស កាប់សំដៅក ស្លាប់ទាំងបីនាក់នៅលើផ្ទះតែម្តង។
ទី១ ជាម្តាយឈ្មោះ ឃាង សុកលាន អាយុ ៤២ ឆ្នាំ(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់ទៀត)
ទី២. ជាកូនដើមឈ្មោះ ធឿន វណ្ណ: ភេទប្រុស អាយុ ១៧ ឆ្នាំ។
និងទី៣. ធឿន ធារី ភេទប្រុស អាយុ ១១ ឆ្នាំ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា តាមការពិនិត្យកន្លែងសម្លាប់ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះទាំងនោះ កំពុងដេកលង់លក់។
ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងប្រហែលពី ១ ទៅ ៣ យប់ឈានចូលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨។
ក្រោយពីសម្លាប់ជនរងគ្រោះហើយជនសង្ស័យគឺបានប្រមូលយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រហែលជិតមួយម៉ឺន ដុល្លា រួចគេចខ្លួនបាត់ ។
ប៉ុន្តែសមត្ថកិច្ចទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះនៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ស្រ្តីជាបងរបស់ជនរងគ្រោះ ឃាង សុកលាន បានទៅរាយការណ៍បា្រប់សមត្ថកិច្ចនគរបាល។
តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថបានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺជាប្តីចុងរបស់ជនរងគ្រោះ ដែលមានឈ្មោះ ជ្រាំង ភូ អាយុ ៤៨ ឆ្នាំ ហើយក៏ជាឪពុកទារកនៅក្នុងផ្ទៃស្រ្តីជាម្តាយ មានស្រុកកំណើត នៅភូមិ អកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង
បច្ចុប្បន្នសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ បែន រត្ន័ បានតាមប្រមាញ់ជនសង្ស័យជិតបានហើយ ៕វណ្ណះ