លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ” ។
សន្និសីទអន្តរជាតិនេះ នឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺថ្ងៃច័ន្ទ-អង្គារ ២-៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២-០៣ ខែមេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទក្រុងសៀមរាប ខេត្តសៀមរាប ដោយមានអ្នកចូលរួម ប្រមាណជាង ៤០០ នាក់ ជាមន្រ្តីមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អង្គការតំបន់ និងអន្តរជាតិ អង្គការអាងទន្លេនានា គ្រឹះស្ថានសិក្សាស្រាវជា្រវ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត ។

នៅក្នុងមតិបើកសន្និសីទអន្តរជាតិ លោក លឹម គានហោ បានមានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយសដ៏ធំធេង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ដែលមានវត្តមានអ្នកចូលរួមដ៏ច្រើនកុះករ មកពីប្រទេសក្នុងតំបន់មេគង្គ និងជុំវិញពិភពលោក ។ លោករដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិនាពេលនេះ ។
លោកបានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គថ្នាក់នាយករដ្ឋមន្រ្តី គឺរៀបចំធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង ដែលរហូតមកដល់ពេលនេះ បានរៀបចំធ្វើចំនួន ០២ លើករួចមកហើយ ដោយលើក ទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០១០ និងលើកទី២ នៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៤ ហើយសម្រាប់កិច្ចប្រជុំកំពូលលើកទី៣ នឹងរៀបចំធ្វើនាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨ នៅក្រុងសៀមរាប ប្រទេសកម្ពុជា ។ នៅមុនកិច្ចប្រជុំកំពូលនីមួយៗ តែងមានសន្និសីទអន្តរជាតិ ដែលសម្រាប់សន្និសីទអន្តរជាតិនាពេលនេះ មានគោលបំណង សំខាន់ពីរ គឺទី១) ជាវេទិកាសម្រាប់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈលើការគ្រប់គ្រង និងអភិវឌ្ឍន៍ទឹកឆ្លងដែនក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក និងទី២) ផ្តល់ជាសារគន្លឹះសម្រាប់កិច្ចប្រជុំកំពូល អំពីការអនុវត្តប្រសើរ និងគំនិតថ្មីៗ សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ លោករដ្ឋមន្រ្តី បានរំលឹកឡើងវិញថា កាលពីសន្និសីទអន្ដរជាតិមុនកិច្ចប្រជុំកំពូលលើកទី ១ ក្នុងឆ្នាំ ២០១០ គឺផ្តោតលើប្រធានបទ “ការគ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរឥតឈប់ឈរ” និងសន្និសីទអន្ដរជាតិមុនកិច្ចប្រជុំកំពូលលើកទី ២ ក្នុងឆ្នាំ ២០១៤ គឺផ្តោតលើប្រធានបទ “កិច្ចសហប្រតិបត្តិការ ស្តីពី សន្តិសុខទឹក ស្បៀង និងថាមពល នៅក្នុងអាងទន្លេឆ្លងដែន ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ” ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតគណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានរៀបចំ និងដំណើរការអនុវត្តយុទ្ធសាស្រ្ត ផែនការ នីតិវិធី និងគោលការណ៌ណែនាំនានា និងក៏បានគិតគូរលើការលើកកម្ពស់ការចូលរួមរបស់ភាគីពាក់ព័ន្ធ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីជម្រុញលើការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃ ធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ដែលទាំងនេះ ជាសមិទ្ធផលសំខាន់ៗសម្រេចបាន និងជាកិច្ចការរួមគ្នាដែលត្រូវយកចិត្តទុកដាក់ជាបន្ត និងត្រូវធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

នៅចុងបញ្ចប់នៃមតិថ្លែងបើកសន្និសីទអន្តរជាតិ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់យើង គឺធ្វើឲ្យអាងទន្លេមេគង្គ មានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុតិ្តធម៌សង្គម និងមានបរិស្ថានល្អ ដែលនេះអាចសម្រេចបាន ដោយត្រូវលើកកម្ពស់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ការចូលរួម និងភាពជាដៃគូពីគ្រប់តួអង្គ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងអាងទន្លេមេគង្គ។

ក្នុងរយៈពេល ០២ថ្ងៃនេះ សន្និសីទអន្តរជាតិ នឹងផ្តោតលើប្រធានសំខាន់ៗ ដូចខាងក្រោម ៖
– កាលានុវត្តភាពនៃការអភិវឌ្ឍ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ
– ការធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍តំបន់ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ
– ការគិតគូរដោះស្រាយបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត
– សារសំខាន់នៃប្រព័ន្ធព័ត៌មាន និងទិន្នន័យក្នុងអាងទន្លេមេគង្គ និងអាងទន្លេផ្សេងទៀត
– ការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍក្នុងទន្លេមេគង្គ និងអាងទន្លេផ្សេងទៀត
– ពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ និងភាពជាដៃគូ
– ការរៀបចំផែនការចម្រុះសម្រាប់ទឹក និងថាមពល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print