ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ សមាគមនារីខ្មែរ ឥស្លាម និងសមាគមនារីម៉ាឡេស៊ី នូវតែបន្ដទំនាក់ទំនងដ៏ល្អ លើការងារ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៏ ទាំងពេលបច្ចុប្បន្ន និងអនាគត ពិសេស បន្ដកិច្ចសហប្រតិបត្ដិការលើកិច្ចការងារនារីទាំងពី កម្ពុជា -ម៉ាឡេស៊ី ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងពិធីដែលចូលរួម ជាអធិបតី ពិសារអាហារសាមគ្គី ជាមួយ គណៈប្រតិភូនៃសមាគមនារី ម៉ាឡេស៊ី Perwani Shah Alam ដែល បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណា ចក្រកម្ពុជាដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ។
ពិធីនេះ បានប្រព្រឹត្ដទៅកាលពីរាត្រីថ្ងៃចន្ទ ២ រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០២ មេសា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានដឺហ្គូទ្បៃ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ ថ្វីត្បិតតែបុរសដើរតួុនាទីនាំមុខក្នុងសង្គម ក៏ពិតមែន តែយើងជាស្រ្តី ក៏អាចធ្វើការងារគ្រប់យ៉ាងបាន ដូចបុរស ឫលើសពីបុរសមួុយចំនួុនដែរ តែស្ដ្រីខ្លួន ឯងក៏មេត្តាផ្តល់តំលៃនិងការលើកទឹកចិត្តដល់ស្ដ្រីខ្លួនឯងដែរ ពិសេសស្ដ្រី ដែលមានភាពទន់ខ្សោយជាងខ្លួន ដើម្បីចូលរួុម
ចែករំលែក បម្រើ ផលប្រយោជន៍សង្គមរបស់យើងទាំងអស់គ្នាផងដែរ ។ យើងឆ្លៀតពេលទំនេរពីការងារផ្ទះគួរតែចូលរួមការងារសង្គមឲ្យច្រើន ។
លោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់ សមាគម នារី ម៉ាឡេស៊ី ដែលជាដៃគូរដ៏ល្អជាមួយសមាគមនារីកម្ពុជា ទៅលើកិច្ចការងារ វិស័យនយោបាយ ការទូត សេដ្ឋកិច្ច និង លើគ្រប់វិស័យ ទាំងវិស័យអប់រំ វិនិយោគ និងមនុស្សធម៌ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម។ ហើយជាក់ស្ដែងគណៈ ប្រតិភូសមាគមនារី ម៉ាឡេស៊ី មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅកម្ពុជា ពេលនេះ គឺបានបង្ហាញ យ៉ាងច្បាស់ថា ម៉ាឡេស៊ី នូវតែបន្ដទំនាក់ទំនង ក្នុងការ ផ្ដល់បទពិសោធ ន៏ ល្អៗ ពីម៉ាឡេស៊ី ដល់កម្ពុជាសម្រាប់យកមកអនុវត្ដ ឲ្យទទួលបានជោគជ័យទៅថ្ងៃអនាគត ។
លោក ក៏បានចាត់ទុកការអញ្ជើញចូលរួមទស្សនកិច្ចរបស់សមាគមនារីម៉ាឡេស៊ី ពេលនេះ គឺជាការ បង្ហាញពីភាព ស្និទ្ធស្នាលរវាងភាគីប្រទេសទាំងពីរ ហើយលោកនឹងបញ្ជូនអញ្ជើញតំណាងនារីកម្ពុជា ដើម្បីចូលរួម ធ្វើទស្សនកិច្ច សិក្សាស្វែងយល់ នៃការដឹកនាំការងារនារីនៅម៉ាឡេស៊ី តប តាមការអញ្ជើញ របស់សមាគមនារីម៉ាឡេស៊ីវិញផងដែរ ៕ ដោយ៖ សំរិត