មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ៖ ស្នើឲ្យអង្គការ សម្ព័ន្ធឥស្លាមពិភពលោកបន្ដផ្ដល់ជំនួយអភិវឌ្ឍន៏សហគមន៏ខ្មែរឥស្លាមនៅជនបទ

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យអង្គការ សម្ព័ន្ធឥស្លាមពិភពលោកបន្ដផ្ដល់ជំនួយ ជួយអភិវឌ្ឍន៏សហ​គមន៏ខ្មែរឥស្លាមនៅជនបទ ព្រោះអង្គការសម្ព័ន្ធឥស្លាមពិភពលោក ជាអង្គការមួយសម្រាប់ជួយផ្នែកមនុស្សធម៌ចំពោះប្រជាជនណាដែលមានការខ្វះខាត និងជួបទុក្ខលំបាក់ ជួបគ្រោះភ័យ ដោយគ្រោះធម្មជាតិជាដើម ។

ដោយឡែកសហគមខ្មែរឥស្លាមនៅជនបទភាគច្រើន កំពុងត្រូវការជំនួយផ្នែកមនុស្សធម៌ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើន ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអង្គការមូល និធិ អភិវឌ្ឍន៏មុស្លិមកម្ពុជា បានស្នើសុំបែបនេះ ខណៈលោកទទួលជួបសម្ដែងការគួរសម ពិភាក្សាការងារជាមួយ លោកបណ្ឌិត Sheikh Abdullah Bin Abdul Mohsin Al-Turki, អគ្គលេខាធិការអង្គការសម្ព័ន្ឋឥស្លាមពិភពលោក ដែលជាអង្គការឥស្លាមអន្តរជាតិធំមួយមានការិយាល័យស្នាក់ការកណ្តាលនៅក្រុង Makkah ប្រទេសអារ៉ាប៊ីសាអូឌីត និងមានសាខានានាជាច្រើននៅតាមបណ្តាប្រទេសក្នុងពិភពលោក នៅវិមានសន្តិភាព កាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អង្គការ សម្ព័ន្ឋឥស្លាមពិភពលោក ដែលជាអង្គការឥស្លាមអន្តរជាតិធំមួយមានការិយាល័យស្នាក់ការកណ្តាលនៅក្រុង Makkah ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាអង្គការមួយមានទំនាក់ទំនងដ៏ល្អជាមួយ សហគមន៏ ខ្មែរឥស្លាម នៅជនបទ និងក៏ជាដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ កាលពីកន្លងមក ដូចជា ជួយផ្នែកទំនាក់ទំនងការទូត ពាណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម,វប្បធម៏ និងទេសចរណ៏ មិនតែប៉ុណ្ណោះ អង្គការសម្ព័ន្ធពិភពលោក ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅតាម សកល វិទ្យាល័យ នានានៅ ប្រទេសអារ៉ាប៊ីសាអូឌីត ,ម៉ាឡេស៊ី និងបានចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល់,ការ ប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយបួស និងជំនួយគ្រោះធម្មជាតិសម្រាប់សហគមន៏ជនបទ ជាដើម ។

លោក អូស្មាន ហាស្សាន់ បានបន្ដថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់ ជាតិ សាសនា នៅកម្ពុជាគ្មានទំនាស់ និងរស់ នៅប្រកបដោយសុខដុមរមនា មិនប្រកាន់វណ្ណៈរើសអើង នឹងគ្នាអ្វីឡើយ ។

ជាការឆ្លើយតបវិញលោកបណ្ឌិតSheikh Abdullah Bin Abdul Mohsin Al-Turki, ក៏បានឯកភាពនិងសន្យាបន្ដ ជួយផ្នែកមនុស្សធម៌តាមលទ្ធភាព ដល់បងប្អូនខ្មែរឥស្លាមនៅសហគមន៏ជនបទ និងនៅទីប្រជុំជននានា ដែលត្រូវការចំបាច់ចំពោះមុខ ផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ទាំងឡាយ ។ តាមតម្រូវការ របស់អង្គការ គឺជួយ តែសម្រាប់សហគមន៏ក្រីក្រ ដែលលទ្ធភាពរដ្ឋាភិបាល ឬ អង្គការក្នុងស្រុកជួយ មិនទាន់គ្រប់គ្រាន់ និងមិនមានលទ្ធ ភាព ជួយតាមតម្រូវការ របស់សហគមន៏នោះផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print