ខេត្តប៉ៃលិន ៖ ប្រពន្ធនាយរងការិយាល័យ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនម្នាក់ បានសរសេរលិខិតសុំធ្វើអន្តរាគមន៍ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងករណីប្ដីប្រើហិង្សាដាក់ខ្លួនរបួសពេញខ្លួននៅក្នុងលិខិតមួយច្បាប់ផ្ញើជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃ ចន្ទ ២ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ទី២ ខែមេសា ឆ្នាំ២០១៨នេះ ។
ក្នុងលិខិតមួយច្បាប់នោះបញ្ជាក់ថា សូមឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាទីគោរព សុំមេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំផង ដ្បិតកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែមេសាឆ្នាំ២០១៨ ប្តីនាងខ្ញុំ ឈ្មោះ កន សារុន ជានាយរងការិយាល័យ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរមកលើនាងខ្ញុំឈ្មោះ គុំ ស៊ុននូ ជាប្រពន្ធមានអេតាស៊ីវិល ស្របច្បាប់ដោយវាយ ទាត់ធាក់ ដាល់ចំគុម្ពត្រចៀកស្តាំ និងទះកំផ្លៀងលើរូបនាងខ្ញុំ នៅក្បែរផ្លូវមួយរហូតនាងខ្ញុំដួលផ្ងារក្រោយ រួចបានគេចខ្លួនបាត់ ទៅធ្វើឲ្យខ្ញុំវង្វេងវង្វាន់របួសយ៉ាងធ្ងន់ធ្ងរ ។
យ៉ាងណាករណីប្ដីប្រើហិង្សាធ្ងន់ធ្ងរលើប្រពន្ធខ្លួនឯងនេះ មិនត្រូវបានគេដឹងថា លោកស្នងការនគរបាលខេត្តប៉ៃលិនបានជ្រាបដែរឬទេ បានជាប្រពន្ធទប់ចិត្តនឹងប្តីមិនបានក៏សរសេរលិខិត ប្តឹងទៅលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យជួយដោះស្រាយ ដោយភ្ជាប់មកជាមួយរូបថត ស្រី្តរងគ្រោះជាប្រពន្ធជាច្រើនសន្លឹកផង ។ សូមបញ្ជាក់ថា រឿងហេតុស្វាមីប្រើហិង្សាលើប្រពន្ធជាស្រី្តទន់ខ្សោយបែបនេះ បានកើតមាន ក្នុងថ្ងៃតែមួយដែរនៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពេលនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន បញ្ជាកម្លាំងឲ្យតាមចាប់ប្តីកំណាចឲ្យមកទទួលទោសតាមច្បាប់ទាល់តែបាន។
ចាំមើលបណ្តឹងរបស់ប្រពន្ធមន្ត្រីនគរខេត្តប៉ៃលិនដែល ប្តឹងប្តីកំណាចជាសមត្ថកិច្ចដេក លើច្បាប់ អង្គុយលើច្បាប់ តើសមត្ថកិច្ចហ៊ានចាត់ការដែរឬទេ ? ៕
...