សេន រ៉ានុតបញ្ចេញបទ Original Song ក្រោយអវត្តមានក្នុងសិល្បៈច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រស់សង្ហា សេន រ៉ានុត បានចាកចេញពីកម្ពុជាទៅរស់នៅលើទឹកដី នៃសហរដ្ឋអាមេរិកអស់៦ឆ្នាំមកហើយ។ ក្រោយពីថ្លែងរឿងនឹកសិល្បៈខ្លាំងនោះ លោកបានបញ្ចេញបទចម្រៀងមួយយ៉ាងពិរោះរណ្តំចិត្តរហូតធ្វើឲ្យអ្នកស្តាប់មិនសរសើរមិនបាន។

គេចាំបានថាកន្លងមកលោកសេនរ៉ានុតធ្លាប់បានថ្លែងពីសហរដ្ឋអាមេរិកថាលោកនៅតែនឹកនិងចង់ត្រឡប់ចូលវិញណាស់ប៉ុន្តែពេលវេលាហាក់មិនអំណោយផលទាល់តែសោះ បើទោះបីជានៅទីនោះមានប្រជាជនខ្មែរជាច្រើនស្នើនិងអញ្ជើញឲ្យលោកចេញមុខច្រៀងក្តី។ ជាការបំពេញចិត្តអ្នកគាំទ្រតារាចម្រៀងរូបនេះបានបញ្ចេញបទចម្រៀងយ៉ាងពិរោះរណ្តំចិត្តថ្មីមួយបទមានចំណងជើងថា “ក្រោយខ្នងបងអូនយំប៉ុន្មានដងហើយ?” ។

លោកថា ផ្ញើជូនបងៗនិងប្អូនៗទាំងអស់ស្តាប់កម្សាន្ត និងបងប្អូនដែលនៅនឹករលឹកដល់រូបខ្ញុំ ។ បទចម្រៀងដែលនិពន្ធថ្មី ដោយលោក ផល វឌ្ឍនៈនេះទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមិត្តភ័ក្កិអ្នកគាំទ្រជាច្រើន ហើយពួកគេលើកឡើងថា មិនមែនសម្រស់ទេដែលនៅតែក្មេងមិនប្រែប្រួល សូម្បីតែសំឡេងក៏ពិរោះមិនផ្លាស់ប្តូរដែរ ហើយពួកគេក៏ស្នើឲ្យអតីតតារាចម្រៀងរូបនេះបន្តបញ្ចេញបទចម្រៀងថ្មីបន្ថែមទៀត។ ក្រៅពីការច្រៀងលោកក៏ចេះតែងនិពន្ធ និងកាត់តជាការកម្សាន្តក្រោយសម្រាកពីការងារផងដែរ។

គួរបញ្ជាក់ដែរថាលោកសេនរ៉ានុតជាតារាចម្រៀងមកពីខេត្តបាត់ដំបង។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០២មកម្ល៉េះក្រោយទទួលបានចំណាត់ថ្នាក់លេខ១លើកម្មវិធីប្រកួតចម្រៀង “ស្ពានតន្ត្រី”របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។ លោកធ្លាប់ច្រៀងឲ្យផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម SM ផលិតកម្ម Nice Starជាដើម។ បទល្បីរបស់លោករួមមានបទ«មនុស្សចិត្តអមនុស្ស» «ចិត្តស្រល់» «កំផែងវណ្ណៈ»បទ«បងសុំក្រពើមួយ!» «ទ្វារមុខមិនហ៊ាន»«អត់ដដែល!»បទ«ចិត្តខ្លែង»ជាដើម។លោកបានសម្រេចចិត្តទៅរស់នៅទឹកដីសហរដ្ឋអាមេរិកនិងសម្រេចចិត្តមិនបន្តការងារសិល្បៈដូចគ្រាមុននោះទេ ៕ វឌ្ឍនា

...

12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print