ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា ឈ្មួញទុច្ចរិតនាំចូលនិងធ្វើផលិតផលក្លែងក្លាយនៅប្រទេសកម្ពុជានៅតែគឃ្លើនដាក់សមត្ថកិច្ច ដោយសារតែគ្មានការសហការរវាងស្ថាប័នពាក់ព័ន្ធនិងឈ្មួញខ្លះមានអ្នកកាងពីក្រោយខ្នងជាដើម។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេងយ៉ាងដូច្នេះគឺបានធ្វើឡើងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានថ្លែងថានាពេលសព្វថ្ងៃនេះគឺនៅតែមានឈ្មួញទុច្ចរិតលួចផលិតផល និងនាំចូលផលិតផលក្លែងក្លាយដោយគ្នានការខ្លាចរអារដល់សមត្ថកិច្ចនោះឡើយ ហើយទង្វើនេះគឺដោយសារតែស្ថាប័នទាំងអស់គ្មានការសហការគ្នារវាងក្រសួងដែលពាក់ព័ន្ធជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានលើកឡើងទៀតថា ផលិតផលក្លែងក្លាយនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់និងអ្នកបរិភោគនោះទេគឺវាបានធ្វើឲ្យខាត់បងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ ដល់ប្រទេសជាត។ យ៉ាងណាក៏ដោយសសម្តេចក៏បានធ្វើការអំពាវនាវជាថ្មីទៀតថា ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែរួមសហការគ្នាដាច់ខាត់ទប់ស្កាត់និងការពារមិនឲ្យផលិតផលក្លែងក្លាយនេះ កើតមាននៅកម្ពុជានោះឡើយ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា«ឈ្មួញនៅតែមើលងាយដល់សមត្ថិកិច្ចការមើលងាយនេះគឺ កើតចេញពីគ្មានការសហការគ្នារវាងអាជ្ញាធរក្រសួងមហាផ្ទៃជាមួយនិងស្ថាប័នដែលពាក់ព័ន្ធ»។
សូមរំលឹកថាកាលពីឆ្នាំ២០១៧កន្លងទៅនេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានបង្ក្រាបផលិតផលក្លែងក្លាយមានចំនួន ១៩ករណី រឹបអូសវត្ថុតាង សរុបចំនួន ៥៩៧,៥តោន ធ្វើពិធីដុតមបំផ្លាញចោល៨១តោន ឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយឡែកកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះក្រសួងមហាផ្ទៃក៏បានកិនកំទេចចោលនូវផលិតផលក្លែងក្លាយមួយចំនួនមានដូចជាលេលាបស្បែក និងមុខ អាហារបំប៉ន ឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយមួយចំនួនទៀតចំនួនជាងមួយរយតោនផងដែរ។ ផលិតដែលបានកិនកំទេច ចោលទាំងនោះភាគច្រើនគឺបានធ្វើឡើងនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕