ភ្នំពេញ៖ប្តីដែលវៃប្រពន្ធខៀវភ្នែកបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានលោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ សម្រេចមិនឃុំខ្លួន តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
មន្ត្រីតុលាការ ថ្លែងថា ការសម្រេចមិនឃុំខ្លួននេះ គឺដោយសារប្រពន្ធបានដកពាក្យបណ្ដឹង និង យោងលើស្ថានភាពគ្រួសារ ។
បុរសរូបនេះឈ្មោះ សរ ចន្នីរិទ្ធ អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ត្រូវបាន លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន កាលពីវេលាទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២២២នៃក្រមព្រហ្មទណ្ឌ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យជាប្តី ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
លោកថា ជនសង្ស័យត្រូវបានចាប់ខ្លួន ពីបទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ ទំនាស់ប្តីវាយប្រពន្ធបណ្តាលឱ្យរបួសហើមជាំភ្នែក កាលពីថ្ងៃទី២៥ ខែមីនា នៅចំណុចក្នុងផ្ទះលេខ៦៣បេ ផ្លូវ ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនគ្រោះជាប្រពន្ធឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មានរបួសហើមជាំភ្នែកខាងឆ្វេង៕ចេស្តា