ប្រកាសមុខងារនិងបំពាក់ឋានន្តរសក្ដិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង៥៨នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងប្រមាណ៥៨នាក់។

ក្នុងឱកាសនោះដែរក៏មានការចូលរួមពីសំណាក់អស់លោកមេបញ្ជាការងមេបញ្ជាការក្រុងស្រុកមន្ទីរការិយាល័យអស់លោកនាយទាហាន ពលទាហានចំណុះឲ្យកងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើននាក់ផងដែរ។

លោក សែ វុទ្ធី បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន ពលទាហានទាំងអស់ផងដែរ។

លោក សែ វុទ្ធី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអស់លោកមេបញ្ជាការរង ក៏ដូចជាកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទះ ស្មោះត្រង់ តស៊ូ ពុះពារគ្រប់ឧបសគ្គ គ្រប់ក្តីលំបាក និងមានសេចក្ដីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាង ក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ស្រាវជ្រាវបង្ក្រាបរាល់បទល្មើស ចូលរួមសហការពង្រឹងការអនុវត្តច្បាប់ ជាពិសេសជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

លោកបានបន្ថែមទៀតថា អស់លោកដែលទើបតែបានទទួលមុខងារថ្មី និងដំឡើងឋានន្តរសក្ដិត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសិទ្ធភាព ហើយត្រូវមានអត្តចរិកសុភាពរាបសារ និងក្រមសីលធម៌ល្អ។

នាឱកាសនោះ លោក សែ វុទ្ធី ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវបន្តខិតខំធ្វើការស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ បន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print