ក្រុងព្រះសីហនុ ៖ សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យឆេះផ្នែកខាងមុខសណ្ឋាគារ Holiday Villa ( ហូលីដេរ វីឡា ) ចំណុចផ្លូវ៥០២ ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីម៉ោង១១កន្លះយប់ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលឲ្យ ខូចខាតម៉ាសុីនភ្លើង ចំនួន ០១គ្រឿង ទាំងស្រុង, ខូចខាត ទូរ ATM ធនាគារANZ ចំនួន ០១គ្រឿង ទាំងស្រុង, ខូចខាតរថយន្ត ចំនួន ០៣គ្រឿង ទាំងស្រុងរួមមាន រថយន្តម៉ាក TUNTDRA (ធុនត្រា) លេខ ខេមរភូមិន្ទ 09 2-5644 ម្ចាស់( ពុំទាន់ស្គាល់អត្តសញ្ញាណ), រថយន្តម៉ាក LUXES (លុច្សសុិស) RX 330 លេខ ភ្នំពេញ2AF-4923 ម្ចាស់ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុនកាតទូរស័ព្ទ QB មាន មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ និងរថយន្តម៉ាក RANGER ពណ៌ស លេខ ភ្នំពេញ 2AS-5402 ម្ចាស់ ( ពុំទាន់ស្គាល់អត្តសញ្ញណ) ។
ជាមួយនេះ ក៏បណ្តាលឲ្យខូចខាតផ្នែកខាងមុខសណ្ឋាគារ មួយចំនួន តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
មូលហេតុ ៖ ដោយឆ្លងចរន្តម៉ាសុីនភ្លើង របស់សណ្ឋាគារផ្ទាល់បណ្តាលឲ្យផ្ទុះឆាបឆេះតែម្តង។ ករណីនេះសមត្ថកិច្ចចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះពន្លត់ បាន រលត់ ១០០ភាគរយ នៅវេលាម៉ោង ០០:២០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ៕ ឆ្លាម សមុទ្រ