ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និង លោក សាន ណារិទ្ធ ប្រធានស្តីទីប្រជាពារការខណ្ឌ អោយដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, ផ្លូវលេខ៤៧-៩៣-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ក្នុងនោះផងដែរ លោក អភិបាល បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយទូកនេសាទ ទូកទេសចរណ៍ និងកាត់ស្មៅតាមច្រាំងទន្លេ ដើម្បីសម្រួលដល់ការបើកចរាចរកាណូតដឹកអ្នកដំណើរ របស់រដ្ឋាករដឹកជញ្ជូនរាជធានីភ្នំពេញ ព្រែកព្នៅ-ក្បាលថ្នល់ - ក្រុងតាខ្មៅ ។
ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមរួច, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ ។
រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ៕ស តារា