ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា ពស២៥៦១ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធី សន្និបាតបូកសរុបការងារឆ្នាំ២០១៧ និង ទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំក្រុមការងារគណៈពង្រឹងស្រុក ឃុំ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មកពីបណ្តាភូមិ ឃុំ ស្រុក ទូទាំងខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល បានមានប្រសាសន៍លើកឡើងពីភាពរីកចម្រើននៃប្រទេសជាតិ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្រកបស្ថេរភាព សន្តិភាព សុវត្ថិភាពសន្តិសុខ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងក្របខណ្ឌទូទាំងប្រទេស និងសូមអោយក្រុមយុវជនបន្តប្រឹងធ្វើការងារអោយបានជោគជ័យ ជាមួយនិងការស្រឡាញ់ពីបងប្អូនប្រជាជនតាមមូលដ្ឋានដោយទឹកចិត្តចេញពីបេះដូងពួកគាត់ ដើម្បីអោយគណបក្សប្រជាជនកម្ពុជា បន្តឈ្នះដឹកនាំប្រទេសកាន់តែមានវិវត្តន៍រីកចម្រើនកាន់តែខ្លាំងឡើងៗ៕ ដោយ៖ សុខ ខេមរា