អត្ថបទចំណងជើងថា «គល់ បញ្ញា និងអង្គការខុមហ្វ្រែល កំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅលើទំព័រសារព័ត៌មានបានបក ស្បែកមុខពិតប្រាកដរបស់លោក គល់ បញ្ញា ដែលកំពុងធ្វើសកម្មភាពគ្រប់បែបយ៉ាងក្រោមលេសការ បោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីរំខានបង្ខួច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តាមភស្តុតាងដែល មាន និងព័ត៌មានសម្ងាត់ដែលទម្លាយឱ្យដឹងពីប្រភពអង្គការអាន់ហ្វ្រែល លោក គល់ បញ្ញា និងក្រុមសង្គម ស៊ីវិលមួយចំនួនបាន និងកំពុងឃុបឃិតជាមួយបរទេសត្រៀមបង្កើតបន្ទប់ស្ថានការណ៍តាមដានដំណើរការ បោះឆ្នោតមួយ នៅទីក្រុងបាងកក ជ្រកក្រោមស្លាកអង្គការអាន់ហ្វ្រែល ដែលខ្លួនធ្វើជាប្រធានដឹកនាំបន្ថែមលើ តួនាទីបច្ចុប្បន្ន ជានាយកប្រតិបត្តិអង្គការខុមហ្វ្រែល។
ការលេចធ្លាយការសម្ងាត់នេះមិនបានធ្វើឱ្យលោក គល់ បញ្ញា នៅស្ងៀមឡើយ ដែលត្រូវតែចេញមក ប្រតិកម្មដោយអះអាងថាអ្វីៗដែលខ្លួនធ្វើ «មិនមែនជាការបម្រើអន្តរជាតិឡើយ ប៉ុន្តែវាជាការយល់ការសម្តែង អំពីការព្រួយបារម្ភ ឬ/និងការទាមទារតាមគោលការណ៍ភាពស្របច្បាប់ទូទៅដូចគ្នា ដើម្បីការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ និងបែបប្រជាធិបតេយ្យសេរីពហុបក្សចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។ មានសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិធំៗក៏បានយល់ និងសម្តែងនូវការព្រួយបារម្ភ ឬ/និងទាមទារការគោរពគោលការណ៍នោះផងដែរ»។
តាមរយៈសារនេះ គេអាច យល់បានថា ៖
ទី១-លោក គល់ បញ្ញា មិនបានបដិសេធចំពោះអ្វីដែលប្រភពសម្ងាត់របស់អង្គការ អាន់ហ្វ្រែល បាន ទម្លាយចេញនោះឡើយ គឺលោក គល់ បញ្ញា កំពុងដឹកនាំអង្គការ អាន់ ហ្វ្រែល និងរៀបចំផែនការផ្សេងៗ ដើម្បីជួយក្រុមបក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ហើយបើមិន ជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ អង្គការនេះមានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការ ទាំងឡាយ និងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា
ឆ្នាំ២០១៨ ប្រសិនបើសពគណបក្សសង្គ្រោះជាតិមិនបានប្រស់ឱ្យរស់ឡើងវិញ និងចូលរួមការបោះឆ្នោតទេ នោះ។ ចំណុចនេះគឺច្បាស់ណាស់ លោក គល់ បញ្ញា នឹងសហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតធ្វើអ្វីៗ ទាំងអស់ដើម្បីចេញនូវបុរេវិនិច្ឆ័យលើស្ថានការណ៍នយោបាយនៅកម្ពុជា ថាមានភាពអាក្រក់ការរំលោភសិទ្ធិ មនុស្ស បិទ សិទ្ធិសេរីភាព ហើយលទ្ធិប្រជាធិបតេយ្យកំ ពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយចុងក្រោយ គឺចាំបាច់ត្រូវតែពន្យារការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ នេះ គឺជាទង្វើដែលមិនអាចអត់ ឱនឱ្យបានទេហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនេះត្រូវប្រឈមមុខនឹងច្បាប់ជាតិដែលមានជាធរមាន។
ទី២-គម្រោងផ្សេងៗដែលលោក គល់ បញ្ញា បានធ្វើ គឺដូចគ្នានឹងអ្វីដែលបរទេស មួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសមួយចំនួន ដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្រ ថ្មីរបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនដែលគាំទ្របក្សប្រឆាំង ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួល បានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោតនិងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោម លេសការបោះឆ្នោតដែលមានលក្ខណៈសេរី យុត្តិធម៌ និងត្រឹមត្រូវ គឺត្រូវមានតែវត្តមានរបស់គណបក្សប្រឆាំង និងក្រុមអ្នកនយោបាយត្រូវបានកាត់សិទ្ធិធ្វើនយោបាយ ទាំង ១១៨ នាក់។
ពួកគេបានធ្វើមិនឮ និងមើលមិនឃើញនូវការប្រព្រឹត្តបទល្មើស អំពើក្បត់ជាតិរបស់ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ។ ដូច្នេះ អ្វីដែលលោក គល់ បញ្ញា បានធ្វើគឺតាមការកំណត់និងការចង់បានរបស់ម្ចាស់ជំនួយបរទេសរបស់ខ្លួនក្នុង ចេតនាមួយសម្រេចគោលបំណងរបស់គេនៅកម្ពុជាដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសក្នុងការផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់ដែលពួកគេយល់ថា មិនអាចគ្រប់គ្រងបាន ឬមិន ស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ មិនបម្រើផលប្រយោជន៍ដល់ពួកគេ។ ពួកគេតែងតែតាំងខ្លួនជាម៉ែឪ កម្ពុជា និងតែតែបំពាននូវគោលការណ៍ឯករាជភាព អធិបតេយ្យភាព និង បូរណភាពដែនដីនៃរដ្ឋឯករាជ្យមួយ ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយដែលរដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរព។
ទី៣-ដើម្បីបន្តគម្រោង និងបានប្រាក់ខែសម្រាប់ក្រុមខ្លួន លោក គល់ បញ្ញា បានស្ម័គ្រចិត្តដោយ រីករាយបម្រើបរទេស ហើយពេលនេះ ក៏កំពុងចេញមុខរៀបចំបំផ្លាញកម្ពុជា តាមផែនការរបស់បរទេសជា ម្ចាស់ជំនួយរបស់ខ្លួនដែរ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល រូបនេះ បានប្រព្រឹត្តកំហុសជាច្រើនសម្រាប់ជាតិ ក្នុងនោះរួមមាន៖
១) ធ្លាប់បានបំភ្លៃការពិត ប្រឌិតព័ត៌មានថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតដែល កម្ពុជាបានប្រើជាយូរមកហើយ និងប្រទេសមួយចំនួនទៀតប្រើប្រាស់ គឺជាទឹកខ្មៅដែលអាចលុបជ្រះក្នុង គោលបំណងបង្កចលាចល និងដកទំនុកចិត្តលើការរៀបចំការបោះឆ្នោត។
២)បានប្រឌិតថាអ្នកបោះឆ្នោត ជាង ១,២៥ លាននាក់គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៣) បានបំពុល និងបង្ខូចបរិកាសនៃការបោះឆ្នោត តាមរយៈសកម្មភាព និងការអត្ថាធិប្បាយរិះគន់ដំណើរការបោះឆ្នោតដែលគ្មានមូលដ្ឋានគ្រឹះ។
៤) បាន បដិសេធនូវលទ្ធផល បោះឆ្នោតដើម្បីបង្កើតជាលេសឱ្យក្រុមអ្នកនយោបាយនៃបក្សប្រឆាំងយកលេសដើម្បីធ្វើ បាតុកម្មតវ៉ា និងបង្កើតជាលេសដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីប្រជាពលរដ្ឋ ដើម្បីឡើងដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ នេះគឺ ជាអំពើបំផ្លាញជាតិខ្លួនឯងយ៉ាងពិតប្រាកដ។
ពេលនេះ ប្រជាពលរដ្ឋខ្មែរបានដឹងអស់ហើយ និងកាន់តែដឹងច្បាស់អំពីល្បិចកល របស់បុគ្គល គល់ បញ្ញា និងអង្គការខុមហ្វ្រែលរបស់ខ្លួនដែលអះអាងថាធ្វើសកម្មភាព ដើម្បីបម្រើជាតិបម្រើឱ្យការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែធាតុពិតពួកគេកំពុងតែអនុវត្តផែនការបរទេសក្នុងការបំផ្លាញការបោះឆ្នោត នៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេសរបស់ ពួកគេដែលចង់បានការសងសឹកជូនកូនចឹងរបស់ខ្លួន គឺខ្មោចគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយសារតែអំពើក្បត់ជាតិ។ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេ នឹងមិនអាចទទួលជោគជ័យឡើយ ព្រោះទេវតា រក្សាកម្ពុជាពិតជាមិនអត់ឱនឱ្យក្រុមជនក្បត់ជាតិ និង អ្នកដែលប៉ងបំផ្លាញកម្ពុជាឡើយ៕ ដោយ ៖ ពល ពានរិន្ទ