ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោម៤នាក់ បានរងរបួសធ្ងន់ធ្ងហើយត្រូវបានបញ្ជួនទៅកាន់គ្លីនិកឯកជនដេរ៩៥ថ្នេរបន្ទាប់ពីមានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ៧នាក់ជិះម៉ូតូ៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ ប្រដេញតាមកាប់ប្លន់ យកម៉ូតូស្កុបពីមួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ក្រោយពីមានទំនាស់នៅក្នុងក្លឹបរួចមក។
ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង៤និង៣០នាទីទីបភ្លឺ ស្ថិតនៅតាមផ្លូវ២០០៤ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ខណៈដេលជនរងគ្រោះរួមជាមួយមិត្តភ័ក្រចេញពីធ្វើការក្នុងគោលបំណង់ជិះឆ្ពោះទៅផ្ទះ ។
ជនរងគ្រោះឈ្មោះ ឆែម នាថ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក ក្លឹបអវ៉ាលូន ស្នាក់នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ដពោធិសែនជ័យ រងរបួសបាក់រយះដៃស្តាំ និងរយះក្បាល ដេរ៩៥ថ្នេរ ។ ចំណែកម៉ូតូដែកក្រុមជនសង្ស័យកាប់ប្លន់យកទៅបាត់ម៉ាក ស្កុបពី សេរី២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រចេះ- 8221 ។
តាមសម្តីយុវជន ឈ្មោះ ព្រឿង ប៊ុនណាស់ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាមិត្តភ័ក្រ ធ្វើការជាមួយគ្នា ស្នាក់នៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ជាជនរងគ្រោះ របួសស្រាលក្នុងហេតុការណ៍នោះដែរ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលពួកខ្លួនមានគ្នា៤នាក់ សុទ្ធតែជាបុគ្គលិក បម្រើការងារនៅក្លឹបខាងលើ ជិះម៉ូតូ២គ្រឿង ស្គុបពីពណ៌ឈាមជ្រូក របស់ខ្លួនមួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកស្កុបពីពណ៌ស មួយគ្រឿងនាំគ្នាជិះចេញពីកន្លែងធ្វើការ នៅវេលាម៉ោងខាងលើ តាមបណ្តោយផ្លូវ២០០៤ ពីកើតទៅលិចលុះដល់ចំណុចខាងលើ ស្រាប់តែ មានក្រុមក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ៧នាក់ ជិះម៉ូតូ៤គ្រឿងប្រដាប់ដោយកាំបិត និងដាវ ប្រដេញតាមពីក្រោយ ស្រែកគម្រាមឲ្យឈប់ ទោះជាព្យាយាមបើកម៉ូតូរត់គេចក៏មិនរួច ត្រូវបានក្រុមជនសង្ស័យស្ទាក់ ហើយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូស្កុបពីមួយគ្រឿង ទៅបាត់ ចំណែកម៉ូតូមិត្តភ័ក្រ ស្កុបពីមួយគ្រឿងទៀត ដកកូនសោបោះចោល នាំគ្នារត់គេចពីផ្លែដាវ កាំបិតរបស់ជនអន្ទពាល ។ ក្នុងហេតុការណ៍ខាងលើ បង្កឲ្យមនុស្ស២នាក់ ម្នាក់រងរបួសធ្ងន់ដេរ៩៥ថ្នេរ ម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន រហូតដល់ព្រឹកថ្ងៃទី១០ ខែមេសា នេះទើបជនរងគ្រោះម្នាក់រត់ទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍អូរបែកក្អម ៕ ដោយ៖ តុង សីហា