ខេត្តព្រៃវែង ៖ ល្បិចយកសំណ ដូរយកមាសសុទ្ធរបស់ក្រុមជនសង្ស័យនៅតែកើតមានដដែល ជាដដែល ទោះបីកន្លងមកមានការផ្សព្វផ្សាយពីសមត្ថកិច្ចជំនាញ ឬតាមប្រព័ន្ធផ្សព្វផ្សាយនា នាឲ្យប្រជាពលរដ្ឋប្រុងប្រយត័ត្នក៏ដោយ ។
ជាក់ស្តែងស្ត្រីម្នាក់ បានចាញ់បោកក្រុមជនខិលខូចមួយក្រុម អស់មាសចំនួន៤ជី និងលុយ១០០ដុល្លារ តាមរយៈធ្វើជាជ្រុះខ្សែកមាស(ខ្សែកប្រាក់ជ្រលក់ទឹកមាស) កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៩ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវត្តតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា ដោយសុំមិនប្រាប់ឈ្មោះថា ដំបូង ជនសង្ស័យទាំងនោះ បានប្រើល្បិចធ្វើជាជ្រុះកាបូបលុយ រួចមានជនសង្ស័យជាស្រី២នាក់ទៀតមកដល់ ដើរមកខ្សឹបគាត់ថាខ្លួនគេរើសបានកាបូបនេះសុំកុំមាត់ចាំយើងចែកគ្នា រួចបបួលគ្នាទៅចែកនៅកន្លែងស្ងាត់។ ពេលទៅដល់កន្លែងស្ងាត់ក៏បើកកាបូបមើលឃើញមានថង់ខ្សែកមាសទម្ងន់ជាងមួយតម្លឹងឡើងក្រហមច្រាល។
ពេលឃើញដូច្នេះ ជនសង្ស័យឲ្យរូបគាត់ដោះខ្សែកមាសទម្ងន់៤ជី ពីកប្រគល់ឲ្យគេ និងថែមលុយ១០០ ដុល្លារទៀត រួចហុចខ្សែកដែលរើសបានឲ្យគាត់រួចនិយាយថា ចំណែករបស់គាត់(ជនរងគ្រោះ)នេះ មាន ទម្ងន់ច្រើនជាងជនសង្ស័យ ទើបប្រញាប់ប្រញាល់ធ្វើដំណើរចាកចេញពីទីនេះភ្លាម។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺក្រោយពីជនសង្ស័យចាកចេញផុតទៅ រូបគាត់យកខ្សែកមាសនោះទៅដុតមើលទឹកមាស ទើបដឹងថា ជាប្រាក់ជ្រលក់ទឹកមាសសោះ ធ្វើឲ្យគាត់ចង់គាំងបេះដូងតែម្តង ៕ សហការី