ខេត្តស្វាយរៀង ៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទូរទស្សន៍ជាតិរំដួលស្វាយរៀង នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀងស្ថិតនៅរង្វង់មូលវិមានឯករាជ្យស្វាយរៀង ក្រុងស្វាយរៀង ។
ពិធីនេះ មានការចូលរួមពីសំណាក់អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី គណៈប្រតិភូ ក្រសួង លោកអភិបាលរងខេត្ត លោកអភិបាលក្រុង -ស្រុក មន្ត្រីរាជការ សិស្ស និស្សិតជាង៣០០នាក់ផងដែរ ។
លោកកែវ ចាន់លី ប្រធានមន្ទីរពត៌មានខេត្តស្វាយរៀងបានមានប្រសាន៍ថា ថ្ងៃ១០ មេសានេះ គឺជាថ្ងៃខួបកំណើតគម្រប់១០ឆ្នាំ នៃការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយវិទ្យុ FM ជាតិរំដួលស្វាយរៀង 98.70MHzផងដែរ (ថ្ងៃ១០ មេសា ២០០៨-១០មេសា២០១៨) ហើយក៏ជាអំណោយរបស់វិទ្យុសម្លេងវៀតណាម VOV និងស្ថានីយទូរទស្សន៍ដាក់សម្ពោធនាឱកាសនេះ គឺជាអំណោយរបស់វិទ្យុសម្លេងវៀតណាមដែរ ហើយសមិទ្ធិផលទាំងអស់នេះ គឺសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ លោកខៀវ កាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តស្វាយរៀងមានមន្ត្រីរាជការសរុប២១នាក់ ស្រី៧នាក់ ក៏ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនគឺ៖ក្របខណ្ឌ័មន្រ្តីរាជការមានចំនួនតិច ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក ។ ខ្វះមន្រ្តីជំនាញ និងមន្ត្រីបច្ចេកទេស សម្ភារៈសម្រាប់បម្រើឲ្យការផ្សព្វផ្សាយនៅមិនទាន់មានគ្រប់គ្រាន់ ទាំងវិទ្យុ និងទូរទស្សន៍ ។
សូមជម្រាបផងដែរថា ខេត្តស្វាយរៀងមានវិទ្យុFM ចំនួន១០ស្ថានីយ ផ្សាយផ្ទា់ល៥ស្ថានីយផ្សាយបន្ត៥ស្ឋានីយ ។ ដោយឡែក ទូរទស្សន៍មាន១០ស្ថានីយ ៩ស្ថានីយផ្សាយបន្ត ១ស្ថានីយផ្សាយផ្ទាល់ គឺស្ថានីយទូរទស្សន៍ជាតិរំដួលស្វាយរៀង ដែលមានកម្លាំងផ្សាយ ៥KW និងមានទូរទស្សន៍ខ្សែកាបចំនួន៦ផងដែរ និងមានភ្នាក់ងារសារព័ត៌មានកាសែត និងទូរទស្សន៍ប្រចាំខេត្ត១៥ស្ថាប័ន ។ ។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា កាលពីសង្គម គឺមានតែទូរទស្សន៍ជាតិតែមួយគត់ ហើយមានកម្លាំងត្រឹមតែ១គីឡូវ៉ាត់តែប៉ុណ្ណោះ ។ រីឯបច្ចប្បន្នមានស្ថានីយទូរទស្សន៍ច្រើន ជាពិសេសខេត្តស្វាយរៀង យើងមានស្ថានីយវិទ្យុ ទូរទស្សន៍ជាតិរំដួលស្វាយរៀងផ្សពផ្សាយនៅក្នុងខេត្តផ្ទាល់ ហើយមានកម្លាំងរហូតទៅ៥គីឡូវ៉ាត់ អាចផ្សព្វផ្សាយបានទូទាំងខេត្ត ។ លោកបន្តទៀតថា វិទ្យុ ទូរទស្សន៍ គឺជម្រុញដំណឹងទៅដល់ប្រជាពលរដ្ឋហើយ និងផ្សាយអំពីសំណូមពររបស់ប្រជាពលរដ្ឋដល់អាជ្ញាធរ និងថ្នាក់ដឹកនាំបានដឹង ។
លោកក៏បានថ្លែងអំណគុណដល់លោកប្រធានវិទ្យុ សម្លេងវៀតណាម( VOV) បានផ្តល់ជាអំណោយដ៏ថ្លៃថ្លានូវស្ថានីយទូរទស្សន៍ជាតិរំដួលស្វាយរៀង ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ អាចមានលទ្ធភាពផ្តល់ព័ត៌មានបានរហ័សទាន់សភាពការ ជាពិសេសជិតដល់ពេលបោះឆ្នោតជាតិខាងមុខ យើងអាចផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានយល់អំពីសិទ្ធិរបស់ពួកគាត់គ្រប់រូបក្នុងការអនុវត្តសិទ្ធិបោះឆ្នោតជាតិនេះផងដែរ ៕ យឹម សុថាន