ខេត្តស្ទឹងត្រែង៖ មន្ត្រីយោធាម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ ៩ ត្រង់ចំណុចចម្ងាយពីផ្លូវបំបែកជាបួនប្រហែលជា១៥០ម៉ែត្រ ឆ្ពោះទៅស្ពានមេគង្គថ្មី ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការនោះបាននិយាយថា ពួកគាត់បានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1I-5013 ក្នុងល្បឿនយឺតៗ។ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តយីឌុប មួយគ្រឿងទៀតបើកក្នុងល្បឿនលឿន ស្របទិសគ្នា បានបុកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យកិនជនរងគ្រោះចំមួយចំហាងខ្លួនរហូតដល់ក្បាល ព្រមទាំងបែកមួកសុវត្ថិភាព បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយរថយន្ដបង្កក៏បានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡាំង ជែង ភេទប្រុស អាយុ៤៧ មានមុខងារជាមន្ត្រីយោធាកងវិស្វ័កម្មខេត្ត រស់នៅភូមិបានមៃ ឃុំកំភុន ស្រុនសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន បងប្អូន សាច់ញាតិ នាំយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖ វិបុល