ភ្នំពេញ ៖ ជនជាតិចិន ប្រុស ស្រី ប្រមាណ ៨៩នាក់ ដែលសមត្ថកិច្ចអន្តោប្រវេសន៍បង្ក្រាបបានកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវបានសមត្ថកិច្ច នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ តាមយន្តហោះ ។
សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់ អោយដឹងថា នាវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិ ចំនួន ៨៩នាក់ ក្នុងនោះ ស្រី ១៥នាក់ ចេញព្រះរាជាណាចក្រកម្ពុជា តាមយន្តហោះ ដោយចែកចេញជា ២ក្រុម រួមមាន ក្រុមទី១ បណ្ដេញចេញនៅវេលាម៉ោង ១៤ និង ៥០នាទី និងក្រុមទី២ បណ្ដេញចេញនៅវេលាម៉ោង ១៩ និង៣០នាទី ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសអន្តជាតិភ្នំពេញ ។
ប្រភពព័ត៍មានបានបន្តថា ការបណ្តេញ ជនជាតិចិន ប្រុស ស្រី ប្រមាណ ៨៩នាក់នេះ ប្រព្រឹត្តឡើង ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។
ដោយអនុវត្តប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៨ និងមានការចូលរួមពីខាងមន្រ្តីនគរបាលចិនអមដំណើរជាមួយផងដែរ។
សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់បន្តទៀត អោយដឹងថា ជនជាតិចិនទាំង ៨៩នាក់នេះ ត្រូវបានបង្ក្រាប កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅអាគារខុនដូ លេខ៩៧ តាមបណ្តោយ ផ្លូវលេខ ៣៣៦ កែងនិងផ្លូបលេខ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធីណែត។
សូមបញ្ជាក់អោយដឹងថា ការបញ្ចូនក្រុមជនជាតិចិនជំរិតទារប្រាក់តាម internet ទៅកាន់ប្រទេសខ្លួនវិញតាមជើងហោះហើរ នៅពេលនេះ គឺជាការបញ្ចូនលើកទី ១៦ហើយ បើគិតចាប់តាំងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្កើតមក ។ ទាំង១៦លើកនេះ គឺមានមនុស្សសរុបប្រមាណ ១២៧១នាក់ ក្នុងនោះស្រី ២៥៧នាក់ ៕ សីហា