រថយន្តក្រុងរបស់រដ្ឋមិនទាន់ដឹកប្រជាពលរដ្ឋផង រថយន្តក្រុងឯកជនដំឡើងថ្លៃមុនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ហាក់បីដូចជាផ្គើននិងរាជរដ្ឋាភិបាលក៏ថាបាន គ្រាដែលឱកាសចូលឆ្នាំថ្មីប្រពៃណី​ជាតិនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ១០០គ្រឿង ដើម្បី​ដឹកជញ្ជូនពួកគាត់ ទៅតាមបណ្តាខេត្ត ហើយក៏បានអំពាវនាវ ដល់សេវារថយន្ត​ក្រុងឯកជន​ទាំង​អស់ កុំឲ្យមានការដំឡើងថ្លៃសំបុត្រ តែបែរជាក្រុមហ៊ុនឯកជន មិនយកត្រចើកស្តាប់ បែរជាឡើងថ្លៃស្ទើរមួយគុណនឹងពីរទៅវិញ ។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើដំណើរ ទៅតាម​បណ្ដារាជធានី-ខេត្ត បានត្អូញត្អែរយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលនៅតែបន្ដ​ដំឡើង​ថ្លៃដដែល ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ១០០​គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ ទៅតាមបណ្តាខេត្តមិនយកលុយ។

ស្រ្តីអ្នកធ្វើដំណើរម្នាក់ ដែលបានធ្វើដំណើរ ទៅស្រុកកំណើត នៅឯខេត្តបាត់ដំបង នៅ​បរសៀលវ​ថ្ងៃទី១១ មេសា បាននិយាយថាគាត់បាន​ជិះ​រថយន្តក្រុង របស់ក្រុមហ៊ុន​កាពីតូលទេសចរណ៍ ដោយបានទិញសំបុត្ររបស់ក្រុមហ៊ុននេះ ក្នុងតម្លៃ៣៥០០០រៀល ខណៈថ្ងៃធម្មតា ឬថ្ងៃដែលរាជរដ្ឋាភិបាលមិនទាន់បញ្ចេញរថយន្តក្រុង​សាធារណៈ ចំនួន ១០០​គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនមិនគិតថ្លៃនោះតម្លៃ​តែ​១៥០០០រៀល ទៅ២០០០០រៀល តែថ្ងៃនេះ បានឡើងរហូតទៅដល់៣៥០០០រៀល ទៅហើយ ។

អ្នកធ្វើដំណើររូបនេះ បានលើកឡើងជាចម្ងល់ថា រាជរដ្ឋាភិល បានបញ្ចេញរថយន្តក្រុង ១០០គ្រឿង ដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីកុំឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដំឡើងថ្លៃហើយ តែហេតុអ្វីបានជាក្រុមហ៊ុនឯកជនមួយនេះ នៅតែបន្តដំឡើងថ្លៃដដែល?

សូមបញ្ជាក់ថា ជារឿយៗ សម្ដេចតេជោ ហ៊ុន សែន បាន អំពាវនាវកុំឲ្យក្រុមហ៊ុនដឹកជញ្ជូន ដំឡើងតម្លៃដល់អ្នកធ្វើដំណើរ ទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនានាពេលចូលឆ្នាំខ្មែរ ប៉ុន្តែមិនមានប្រសិទ្ធភាព ទើបរាជរដ្ឋាភិបាល បានសម្រេចផ្តល់សេវារថយន្តក្រុង ដឹកជញ្ជូនពលរដ្ឋដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី១២-១៨ មេសា ។ ឪឡូវនេះមិនទាន់ដល់ថ្ងៃទី១២ មេសា ផង ក្រុមហ៊ុនឯកជនឡើងថ្លៃមុនបាត់ទៅ ហើយ ។

ទាក់ទិនការដំឡើងថ្លៃឈ្នួលដឹកអ្នកដំណើរនេះ នគរដ្រេហ្គន មិនអាចសុំការបញ្ជាក់ពីក្រុមហ៊ុនដឹក ជញ្ជូនអ្នកទេសចរ« កាពីតូល» និងក្រុមហ៊ុននានាទៀត បានទេ កាលពីរសៀលថ្ងៃទី ១១ ខែ មេសា ម្សិលមិញនេះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print