ខេត្តកណ្ដាល៖ស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ដែលធ្លាប់មានរឿងអាស្រូវជាច្រើននិងធ្លាប់ជាប់ពន្ធនាគារផងនោះ ឥឡូវនេះ បានបង្កបទល្មើសម្តងទៀត គឺដុតរោងចក្រផលិតឈើកៅស៊ូរបស់ប្តី តែបានប៉ូលិសអន្តរាគមន៍ទាន់ពេលវេលា កុំអីគ្រោះមហន្តរាយស្មានមិនដល់ឡើយ ។ ជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ដើម្បីអនុវត្តតាមច្បាប់។
ហេតុការណ៍នៃអំពើល្មើសយ៉ាងគន្លើននេះ កើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងចក្រ ប្រាយវ៉េ ផលិតឈើកៅស៊ូ មានទីតាំងស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល ។
មន្ត្រីអាវុធហត្ថខេត្តកណ្ដាល បញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តនីតិវិធី និង បញ្ជូនជនល្មើសទៅតុលាការចាត់ការតាមច្បាប់ ។
នៅមុនពេលកើតហេតុ គឺសមត្ថកិច្ចទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះបានកើតឡើង ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋបានជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆត្រយោង៩១១ អស់ពីរគ្រឿង ប្រើប្រាស់ឡានទឹក អស់៦គ្រឿង ទើបរលត់ជាស្ថាពរ។
តាមសាក្សីបំភ្លឺឈ្មោះឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ គឺបានឃើញរថយន្តមួយគ្រឿងមានគ្នា៤ទៅ៥នាក់ចូលទៅដុតឈើ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បើកបររថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ខម-៦៧៦២ ជាអ្នកដុត ។
បន្ទាប់ពីបង្កហេតុរួច នាងហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ ។
នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឱ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជនពីររូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ ។
បទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើវិធីគ្រោះថ្នាក់ដល់បុគ្គល តាមមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើហិង្សាដោយចេតនា ដើម្បីបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ដោយអានុភាពនៃគ្រឿងផ្ទុះ នៃអគ្គិភ័យ ឬ គ្រប់វិធីដទៃទៀត ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕ ឆ ដា