ខេត្តស្ទឹងត្រែងៈ ពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្តគេបានសង្កេតឃើញថា ទីកន្លែងរមណីយដ្ឋានអេកូទេសចរណ៍ទាំងតូចនិងធំសម្រាប់ឱ្យភ្ញៀវទេសចរមកលេងកម្សាន្តមានការកកើតឡើងជាច្រើនកន្លែងនៅតាមបណ្តាលស្រុកភូមិ និងនៅតាមដងទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង ក្នុងនោះដែល ឃើញថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តនៅតាមកន្លែងរមណីយដ្ឋានអេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុង២០១៨នេះ មានចំនួនយ៉ាងច្រើនកោះករជាងឆ្នាំមុនៗ ។
តាមការលើកឡើងពីភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋានតូចធំក្នុងខេត្តឃើញថា នៅក្នុងខេត្តស្ទឹងត្រែង មានទីកន្លែងរមណីយដ្ឋានអេកូទេសចរណ៍តូចធំបានកកើតជាច្រើនកន្លែង ដូចជាទឹកធ្លាក់សុភ័ក្រ្តមិត្ត រមណីយដ្ឋានជួរវែង នៅទន្លេមេគង្គ រមណីយដ្ឋានកោះខ្សាច់សេកុង នៅទន្លេសេកុង និងរមណីយដ្ឋានបុប្ផាភ្លុក ជួរចាប នៅទន្លេសេសាន និងមានឈ្មោះរមណីយដ្ឋានផ្សេងៗជាច្រើនទៀតនៅតាមដងអូរ និងតំបន់ព្រៃភ្នំ ។ ភ្ញៀវទេសចរដដែលបានបញ្ជាក់ថា ទីកន្លែងទេសចរណ៍បែបធម្មជាតិ មានទាំងជីវៈចម្រុះ សត្វបក្សាបក្សី ហ្វូងមច្ឆាជាតិ សត្វផ្សោត ត្រីប៉ាសេអីុ និងមានប្រាំងប្រាសាទបូរាណតូចធំ ជាស្នាដៃរបស់បុព្វបុរសខ្មែរយើង បានបន្សល់ទុកឱ្យកូនចៅក្មេងៗជំនាន់ក្រោយៗបានឃើញ ទាំងនេះហើយគឺជាសក្តានុពលរបស់អ្នកខេត្តស្ទឹងត្រែង គ្រាន់បានបង្អួតគេឯងនិងជាកេរ្តិ៍តំណែលមួយដែលតំណាងឱ្យអត្តសញ្ញាណនៃខេត្តស្ទឹងត្រែង ។
ជំុវិញរឿងនេះ លោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍និងជាអ្នកនាំពាក្យមន្ទីរទេខចរណ៍ បានប្រាប់ឱ្យដឹងថា រមណីយដ្ឋានអេកូទេសចរណ៍តូចធំក្នុងខេត្តគឺបានកកើតឡើងមានចំនួនច្រើនពិតប្រាកដមែន ហើយចំពោះកំណើនភ្ញៀវទេសចរជាតិក្នុងឆ្នាំនេះ ឃើញថា មានចំនួនទៅដល់៤០៥៥១នាក់ មានន័យថាកើនឡើងជាឆ្នាំមុនៗ ដល់១៧៧៩នាក់ តែដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំនេះវិញ មានចំនួន៥៣នាក់ មានន័យថា ឆ្នាំនេះថយចុះ ២៧២៤នាក់ ។
នេះសរុបទិន្នន័យរបស់ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងរយៈពេលបីថ្ងៃ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយចំពោះរមណីយដ្ឋានអេកូទេសចរណ៍ នៅក្នុងខេត្តស្ទឹងត្រែង សរុបមានចំនួន២១កន្លែង អញ្ចឹងបើប្រៀបធៀបកាលណីឆ្នាំ២០១៧ និងក្នុងឆ្នាំ២០១៨នេះ យើងឃើញថាមានភ្ញៀវជាតិនិងអន្តរជាតិ មានការកើនឡើង ជាងឆ្នាំ២០១៧ ។ លោកបានបញ្ជាក់ថា ក្នុងការមានភ្ញៀវកើនឡើងនោះ គឺដោយសារស្រុកទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព ក្នុងការដើរហើរ ទៅលេងពីខេត្តមួយទៅខេត្តមួយបាន សុខស្រួល គឺប្រទេសរបស់យើងមានការរីកចំរើន មានទាំងការអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ទាំងផ្ទះសំណាក់រួមនិងសណ្ឋាគារ តូចធំព្រោងព្រាត រួមនិងមានរមណីយដ្ឋាន មានសេវាកម្មម្ហូបអាហារ កន្លែងស្នាក់នៅមានតម្លៃសមរម្យទៀតផង ។
សូមបញ្ជាក់ផងដែរ រមណីយដ្ឋានមានក្នុងខេត្តស្ទឹងត្រែងមានចំនួន២០កន្លែង ទី១ រមណីយដ្ឋានសហគមន៍ព្រះរំកិល សរុបភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកលេងចំនួន៣ថ្ងៃ ២៧៥២នាក់ ទី២សហគមន៍អូរស្វាយ សរុបមានភ្ញៀវ ចំនួន១៤៤នាក់ ទី៣សហគមន៍អូរឫស្សីកណ្តាល សរុបមានភ្ញៀវចំនួន៧៨៩៨នាក់ ទី៤រមណីយដ្ឋានជួរចាប សរុបមានភ្ញៀវចំនួន៣២១៩នាក់ ទី៥រមណីយដ្ឋានកោះខ្សាច់សេកុង សរុបបីថ្ងៃមានភ្ញៀវចំនួន២៨៧៩នាក់ ទី៦រមណីយដ្ឋានជួរវែង មានភ្ញៀវចំនួន៨១៥នាក់ ទី៧រមណីយកោះនាងខៀវ មានភ្ញៀវចំនួន៣០០នាក់ ទី៨រមណីយដ្ឋានបក្សីមេគង្គ មានភ្ញៀវចំនួន៩៥៨នាក់ ទី៩រមណីយដ្ឋានបុប្ផាភ្លុក មានភ្ញៀវ ចំនួន៣៨៥៨នាក់ ទី១០សហគមន៍កោះព្រះ មានភ្ញៀវមកលេងចំនួន៣៦៤នាក់ ទី១១សហគមន៍កោះហាន មានភ្ញៀវមកលេងចំនួន២៥៣នាក់ ទី១២រមណីយដ្ឋានកោះខេ មានភ្ញៀវមកលេងចំនួន៧៦៤៤នាក់ ទី១៣រមណីយកោះខឌិន មានភ្ញៀវចំនួន៣៤៨០នាក់ ទី១៤រមណីយដ្ឋានកោះភ្ញៀវ មានចំនួន២០៨២នាក់ ទី១៥រមណីយដ្ឋានលីទុនជី មានភ្ញៀវចំនួន២១៤នាក់ ទី១៦រមណីយដ្ឋានកោះឡូន មានភ្ញៀវចំនួន១២០០នាក់ ទី១៧រមណីយដ្ឋានចំការក្រូច មានភ្ញៀវចំនួន១៩១០នាក់ ទី១៨រមណីយដ្ឋានសម្រស់ទន្លេសៀមប៉ាង មានភ្ញៀវចំនួន២៦០នាក់ ទី១៩រមណីយដ្ឋានបុប្ផាកែងញ៉ៃ មានភ្ញៀវចំនួន២០៤នាក់ និងទី២០ហៅថារមណីយដ្ឋានកោះធំ មានភ្ញៀវមកកម្សាន្តលេងមានចំនួន២២៣នាក់ សរុបរមណីយដ្ឋានទាំង២០កន្លែងទាំងអស់នោះគឺមានភ្ញៀវជាតិនិងអន្តរជាតិមានចំនួន៤០៦៥៧នាក់ ។
គួររំលឹកៈនៅតាមភូមិជនបទអាចបន្តលេងដល់ថ្ងៃទី ១៩.២០ខែមេសានេះទើបចប់ ដោយបង្កឡើងដោយមានការចាក់ ធុងបាស់រាំលេងកំសាន្ត នៅតាមទីវត្តអារាមនិមួយៗ នឹងនៅតាមរម្មណីដ្ឋាន ក៍ដូចគ្នាមានការហូបចុកសើចហូរសប្បាយ ជាលក្ខណៈគ្រួសារទៅតាមកញ្ចុះជាក្រុមៗ ខ្លះក្រាលកន្ទាលអង្គុយតាមដើមឈើ មាត់ទឹកគួរជាទីទស្សនាផងដែរ យ៉ាងសប្បាយរីករាយមិនបង្ក អសន្តិសុខ នឹងរំខានដល់សមត្ថកិច្ចនោះឡើយ។
ក៍ប៉ុន្តែវាមានកន្លែងចន្លោះប្រហោងខ្លះចំពោះភ្ញាវដែលមកលេងកំសាន្តគួរតែជួយថែរក្សាអណាម័យ កាកសំណល់ដែខ្លួនបរិភោគរួចត្រូវចេះវិចខ្ចប់ មិនត្រូវបោះចោលពាសវាលពាសកាល ជាពិសេសចោលបណ្តែតតាមទឹកក៍មាន វានាំឲ្យបាត់បង់សម្រស់ទីក្រុង នឹងបះពាល់ដល់សុខភាពយើងទាំងអស់គ្នាផងដែរ៕
ដោយ! មាស សុផាត