ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់និងតក់ស្លុតបំផុតខណះដែលមានម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ក៏ត្រូវរថយន្តបែនដឹកដីមកបញ្រាស់គ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកអូសពេញទំហឹង
បណ្ដាលអោយស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យចំណែកបុរសជាប្តីរងរបួសធ្ងន់ រួមទាំងម្ចាស់ផ្ទះលក់អីវ៉ាន់ម្នាក់ទៀត រងរបួសស្រាលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយកាសែតនគរវត្តដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-6228 បើកបរដោយឈ្មោះ លី សាបាន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) និងមានអ្នករួមដំណើរជាប្រពន្ធឈ្មោះ សួស សំអី ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ទាំង២នាក់នេះ រស់នៅភូមិជប់ ឃុំកណ្តៀរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង (មិនពាក់មួក) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅបង់លុយធនាគារ។
ប្រភពបន្តថាលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ម៉ូតូឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន ស្របពេលនោះក៏មានរថយន្ត១គ្រឿង ម៉ាក Hyunday ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0517 បើកបរពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកចំពីចំហៀងម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហើយរថយន្តនោះមិនទាន់អស់ល្បឿន ក៏បន្តទៅបុកសំយ៉ាបផ្ទះលក់ឥវ៉ាន់នៅខាងត្បូងផ្លូវ បណ្តាលឲ្យឈ្មោះ ម៉ែន សោភ័ណ្ឌ ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើរងរបួសស្រាល។
ប្រភពព័ត៌មានបន្តថា ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ចំណែកអ្នករងរបួសទាំងអស់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយទាប ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ តែជាអកុសល ស្ត្រីដែលរួមដំណើរតាមម៉ូតូជាមួយប្តីបានដាច់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកបុរសជាប្តីកំពុងសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕