លែងលះប្រពន្ធប្រមាណជាង២ខែសុំប្រពន្ធជួប តែប្រពន្ធមិនជួប យកកាំបិតកាប់ប្រពន្ធខណៈកំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានបែកបាក់ពីប្រពន្ធរបស់ខ្លួនអស់រយៈពេលប្រមាណជាង២ខែ ក្រោយមកសុំប្រពន្ធជួបមុខ តែប្រពន្ធមុខមិនជួបក៏បានយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធខ្លួនដែលកំពុងជិះម៉ូតូចំ.បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុប្រមាណ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា ជនសង្ស័យនិងនារីរងគ្រោះបានបែកបាក់លែងលះគ្នាអស់ប្រមាណជាង២ខែមកហើយ ដោយសារជនសង្ស័យជាប្ដីវាយដំធ្វើបាបទៅលើនារីរងគ្រោះខ្លាំងពេក ។ លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានឲ្យនារីរងគ្រោះមកជួបគ្នា តែនារីរងគ្រោះមិនទៅជួបនោះទេ មកដល់វេលាម៉ោង២និង១៥នាទី ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់មកកាប់ទៅលើនារីរងគ្រោះចំ.កខណៈនារីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្ដង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការឡោមព័ន្ធចាប់ជនសង្ស័យ ខណៈជនសង្ស័យបានព្យាយាមលោតទឹកសម្លាប់ខ្លួនលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print