គេរាយការណ៍ថា អ្នកគ្រូ កែវ វណ្ណថា លេខាលោកនាយកវិទ្យាល័យបាក់ទូក តូច កន្តាល់ ត្រូវចូលនិវត្តន៍តាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែរហូតមកដល់ពេលនេះអ្នកគ្រូលេខា នៅតែមានវត្តមានក្នុងវិទ្យាល័យបាក់ទូកដដែល ។
ក្នុងចំណោមលោកគ្រូ អ្នកគ្រូជិត៤០០នាក់ ក្នុងវិទ្យាល័យនេះ តើលោកនាយកអាចរើសលោកគ្រូ អ្នកគ្រូណាម្នាក់ដែលនៅមានអាយុអាចធ្វើការបាន មកធ្វើជាជំនួយការបានឬទេ? ឬមួយថាមានតែអ្នកគ្រូ កែវ វណ្ណថា ម្នាក់ប៉ុណ្ណោះដែលអាចធ្វើជាលេខាលោកនាយកបាន?
គេរាយការណ៍ថា អ្នកគ្រូកែវ វណ្ណថា ដែលជាជំនួយការលោកនាយកពូកែខាងរៀបចំ ប្តូរសិស្សតាមថ្នាក់ទៅតាមជំនាញ ។ ឧបមាថាសិស្សរៀនថ្នាក់A ចង់ផ្ទេរទៅថ្នាក់B ត្រូវចំណាយថ្នាក់យ៉ាងហោចណាស់២៥ដុល្លារ ។ មានសិស្សជាច្រើននៅក្នុងវិទ្យាល័យបាក់ទូកដែល ត្រូវការផ្លាស់ប្តូរថ្នាក់រៀនទៅតាមចំណង់ចំណូលចិត្ត ដែលខ្លះព្រោះតែតាមមិត្តភក្តិ និងខ្លះទៅតាមលោកគ្រូ អ្នកគ្រូដែលល្បី ឬមិនល្បី ។
ករណីផ្លាស់ប្តូរថ្នាក់បានកើតមាននៅដើមបវេសនកាល ។ អ្នកគ្រូ កែវ វណ្ណថា ដែលលើសពេលចូលនិវត្តន៍ជាអ្នកជំនាញក្នុងការរ៉ាប់រងការផ្លាស់ប្តូរថ្នាក់រៀននេះ ។ ក្រៅអំពីបញ្ហាខាងលើនេះក៏នៅមានរឿងរ៉ាវជាច្រើនដែលបាននិងកំពុងកើតឡើងក្នុងវិទ្យាល័យបាក់ទូក ពាក់ព័ន្ធនឹងការកាត់លុយកាក់ លោកគ្រូ អ្នកគ្រូ និងប្រាក់ឧបត្ថម្ភ BP មិនឃើញមានអ្វីជាដុំកំភួននៅក្នុងសាលានោះជាដើម ៕