ភ្នំពេញ៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ លោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែលព្រះមហាក្សត្រទើបនឹងត្រាស់បង្គាប់ តែងតាំងជាឧកញ៉ា មិនបានដល់ ១០ ថ្ងៃផង ក៏បាញ់បោះអាណាធិបតេយ្យជាច្រើនគ្រាប់ នៅភូមិគ្រឹះដ៏ ស្កឹមស្កៃរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនបង្ករគឺលោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ។
ដោយឡែកជនរងគ្រោះមានឈ្មោះ ១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ
២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
សមត្ថកិច្ចបានអោយដឹងថា៖ មូលហេតុកើតឡើងដោយសារទំនាស់នៅក្នុងគ្រួសារ ប៉ុន្តែក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕
ដោយ៖ សុខ ខេមរា