ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានកោះហៅអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ មកប្រជុំ លើការងារស្ដារប្រឡាយ លូ នៅរាជធានី ដើម្បីរកយន្តការដោះស្រាយឱ្យបានទាន់ពេល មុនរដូវវស្សាឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ ខែពិសាខ ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ មេសា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ បញ្ហាប្រព័ន្ធប្រឡាយបង្ហូរទឹកមួយចំនួនដូចជា នៅតំបន់សឡា ត្រង់ចំណុចកដប ផ្លូវ៣៧១ ប្រសបគ្នា ដើមស្លែងនិងស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខជាដើម ដើម្បីលើកមកពិភាក្សាគ្នាឱ្យច្បាស់ ជុំវិញបញ្ហានេះ ធ្វើយ៉ាងណា ស្ថានភាពទឹកក្នុងតំបន់នេះហូរបានល្អធានាថាមិនលិចលង់នៅរដូវវស្សា។
លោកអភិបាលបញ្ជាក់ថា៖ កាលពីឆ្នាំកន្លងទៅ នៅតំបន់នេះមានការលិចលង់ ដោយសារប្រព័ន្ធបង្ហូរទឹកតូច និងផ្នែកខាងក្រោមមានសំរាមកកស្ទះ បើទោះជាអាជ្ញាធរបានកាយប្រឡាយស្ទឹងមានជ័យហើយក៏ដោយ ប៉ុន្តែបើសិនជាមានភ្ញៀងធ្លាក់មកនៅពេលនេះ ពិតជាជួបបញ្ហាមិនខាន ដោយសារសំរាមមួយចំនួនទៀត មិនទាន់បានរើសចេញអស់នៅឡើយ អាចនឹងហូរធ្លាក់ចុះមកតាមប្រឡាយបង្ករបញ្ហាស្ទះទឹកដដែល។
លោកបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ដែល មានមន្ទីរជំនាញជាអ្នកអនុវត្តន៍នាពេលកន្លងមក បានកាយសំរាមចេញអស់រាប់ម៉ឺនម៉ែត្រគីបរួចមកហើយ ដើម្បីឱ្យតំបន់នេះ មានស្ថានភាពទឹកហូរបានប្រសើរឡើង។ ចំណុចសំខាន់មួយទៀត នៅលើដីឧកញ៉ា ឃុន សៀរ កន្លងមកអាជ្ញាធរ និងម្ចាស់ដីបានឯកភាពគ្នា រកវិធានការណ៍ធ្វើយ៉ាងណាឱ្យទឹកក្នុងតំបន់នោះ ហូរធ្លាក់ចុះទៅក្រោមបានលឿន មិនបង្ករការជន់លិចទៅកន្លែងដទៃទៀត។ ក្រៅពីនោះ ក៏មានតំបន់មួយចំនួនទៀត ដែលតែងតែជួបបញ្ហាប្រឈមទឹកលិចក្នុងរដូវរស្សា ទាមទារឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយ មន្រ្តីជំនាញរបស់មន្ទីរពាក់ព័ន្ធ និងមន្រ្តីជំនាញដទៃទៀត លើកយកនូវបញ្ហាមកពិភាក្សាគ្នា ដើម្បីរកយន្តការដោះស្រាយឱ្យបានទាន់ពេលវេលា ចៀសវាងការជនលិចក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្ដថា៖ មួយផ្នែកទៀត ស្ថានភាពប្រព័ន្ធទឹកនៅផ្លូវ២០០៤ ដែលកន្លងមកមានប្រព័ន្ធបង្ហូរទឹកហូរធ្លាក់មក២ផ្នែក តើបច្ចុប្បន្ននេះអាចទ្រងទ្រង់បានទេ ព្រោះឆ្នាំកន្លងទៅមានការលិចលង់ខ្លាំង ដោយសារការសាងសង់ផ្លូវរបស់ក្រុមហ៊ុនសៀងហៃគ្រុប ធ្វើឱ្យបាក់លូ ស្ទះទឹក នៅត្រង់ចំណុចផ្លូវកែង និងធ្វើឱ្យខូចផ្លូវទាំងស្រុង ដោយសារទឹកលិច និង មានរថយន្តធំធ្វើចរាចរជាប្រចាំ។
ទាក់ទិនបញ្ហាប្រព័ន្ធបង្ហូរទឹកក្រខ្វក់ ក្នុងរាជធានីភ្នំពេញ លោកអភិបាលស្នើឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ រួមសហការជាមួយមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យ និង ធ្វើឱ្យបានល្អ បើខ្វះលទ្ធភាពស្នើមកថ្នាក់លើជា បន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណារកវិធានការណ៍ដោះស្រាយឱ្យបាន បញ្ជៀសនូវការជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ឬ ផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ពោលគឺត្រូវទទួលខុសត្រូវនិងគ្រប់គ្រង់ឱ្យបាន ក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ៖ សំរិត