បាតុកម្មបានបន្តចូលមកដល់ថ្ងៃ៦ នៅក្នុងប្រទេស Romania កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យនៅក្លិបរាត្រីកាលពី៩ថ្ងៃកន្លងទៅនោះបានកើន៤៥នាក់ ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះ៤នាក់ទៀតបានស្លាប់កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដោយសារតែរងរបួសធ្ងន់ខ្លាំងពេកក្នុងហេតុការណ៍អគ្គិភ័យ មិនអាចជួយសង្គ្រោះបាន ។
ហេតុការណ៍អគ្គិភ័យបានកើតឡើងដោយសារតែផ្កាភ្លើងកាំជ្រួចដែលដុតក្នុងក្លិបកម្សាន្ត ហើយក្លាយទៅជាអណ្តាតភ្លើងឆាបឆេះ បណ្តាលឲ្យអ្នកទៅចូលរួមកម្សាន្តសប្បាយនៅទីនោះមានការរត់ជាន់គ្នា នៅចំណុចច្រកចេញដ៏តូចចង្អៀតមួយ ។ ហេតុការណ៍គ្រោះថ្នាក់មួយនេះបានធ្វើឲ្យមានការខឹងសម្បារ រហូតមានការបាតុកម្មទូទាំងប្រទេសទាមទារឲ្យរដ្ឋាភិបាលឆ្វេងនិយមលាលែងពីតំណែង ។
ខណៈដែលក្រុមបាតុករចូលរួមធ្វើបាតុកម្មមានការធ្លាក់ចុះនៅចុងសប្តាហ៍នោះ នៅទីក្រុង Bucharest មានការប៉ាន់ប្រមាណថា មានមនុស្សចូលរួមប្រមាណ១ពាន់នាក់ ។ ប្រធានាធិបតី Klaus Iohannis បានស្ថិតនៅក្នុងក្រុងបាតុករដែលជួបជុំគ្នានៅទីប្រជុំជននោះដែរកាលពីថ្ងៃទី៨ ខែវិច្ឆិកា ។
លោក Klaus Iohannis ដែលមិនបានធ្វើអត្ថាធិប្បាយបែបណាជាមួយប្រព័ន្ធផ្សព្វផ្សាយនោះ បានឈរធ្មឹងស្ងៀមស្ងាត់រយៈពេលច្រើននាទី ជាមួយហ្វូងមនុស្សជាច្រើននាក់ទៀតដែលកំពុងគោរពឱនក្បាល ។ មនុស្សជាច្រើនទៀតក៏បានស្រែកទាមទារឲ្យលោក Klaus Iohannis ជួយជម្រះឲ្យស្អាតអំពើពុករលួយក្នុងជួរអ្នកនយោបាយ ខណៈដែលមានការមើលឃើញថាមានអំពើពុករលួយដុះស្លែចាក់ឫសជ្រៅនោះ ។
លោក Klaus Iohannis បានអះអាងថា លោកនឹងពិភាក្សាពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ និងមេដឹកនាំសង្គមស៊ីវិលទៅលើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដឹកនាំរដ្ឋាភិបាលបន្តចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ ។
រហូតមកដល់ពេលនេះ ជនរងគ្រោះជិត១០០នាក់បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងចំណោមពួកគេ៤០នាក់រងរបួសធ្ងន់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត