ភ្នំពេញ៖ អេឡិច ច័ន្ទត្រា បានធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើលក្រោយពីលឺថាផ្ទះវីឡាថ្មីនេះលោកទិញបង់ផ្តាច់ដោយមិនមានការបង់រំលោះនោះទេ។ វីឡាថ្មីនេះ អេឡិច ច័ន្ទត្រា បានទិញពីរផ្ទះជាប់គ្នាដើម្បីងាយស្រួលក្នុងការបង្កើតមុខរបរថ្មី គឺបើកបម្រើសេវាកម្មម៉ាស្សា នៅជាន់ខាងលើ រីឯជាន់ខាងក្រោមធ្វើជាការិយាល័យសម្រាប់ទទួលភ្ញៀវដែលមកសាកសួរសេវាកម្មតន្ត្រីសម័យ។
លោក អេឡិច ចន្ទ័ត្រា បានអញ្ជើញភ្ញៀវមិនក្រោម៥០០នាក់ទេដើម្បីចូលរួមពិធីឡើងផ្ទះឡាថ្មីនៅបុរីប៉េងហួត បឹងស្នោ ដែលគេដឹងថាវីឡានេះមានតម្លៃមិនក្រោមកន្លះលានដុល្លារអាមេរិកនោះទេ។ ថ្ងៃឡើងទ្រនំថ្មីនេះដែរតារារូបនេះបានប្រកាសថានឹងបើកដំណើរការមុខជំនួញថ្មីនៅផ្ទះថ្មីនេះតែម្តងគឺជាហាងម៉ាស្សា។លោកថាមុខជំនួញថ្មីនេះនឹងបើកបម្រើការក្នុងពេលដ៏ខ្លីខាងមុខ។
លោកថាបើកមុខរបរថ្មីបន្ថែមនៅទីនេះព្រោះតែតំបន់នេះអំណោយផលខ្លាំងដែលជាទីប្រជុំដោយការរស់នៅរបស់ប្រជាជនជាច្រើនម៉ឺននាក់។ លោកនៅមិនទាន់បញ្ជាក់នៅឡើយទេថាតើការចំណាយមុខរបរថ្មីនេះនឹងត្រូវចាយដើមទុនច្រើនប៉ុណ្ណានោះដែរ។ លោកថាក្រោយបើកមុខជំនួញថ្មីលោកអាចនឹងផ្អាកការទទួលយកការងារសិល្បៈផ្នែកសម្តែង ព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់គឺលោកទទួលតែកម្មវិធីច្រៀងនិងរៀបចំឆាកតន្ត្រីក្នុងកម្មវិធីនានាប៉ុណ្ណោះ។ លោកបង្ហើបថាចំណូលបានពីការរៀបចំកម្មវិធីនានាក្នុងមួយឆ្នាំៗលោកអាចរកបានមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះទេ។
ក្រៅពីឡើងផ្ទះប្រណីតថ្មី នោះគឺអ្វីដែលគេកត់សម្គាល់គឺគេសង្កេតឃើញភ្ញៀវជាច្រើនចូលរួមកម្មវិធីឡើងផ្ទះវីឡាថ្មីរបស់លោក អេឡិច ច័ន្ទត្រាដែលស្ទើរតែរកទីតាំងចតរថយន្តគ្មាន។ ក្រៅពីវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនគេក៏សង្កេតឃើញវត្តមានមន្ត្រី និងអ្នកជំនួញមានមុខមាត់ជាច្រើនចូលរួមធ្វើឲ្យតារារូបនេះញញឹមបិទមាត់មិនជិត៕ ដោយ វឌ្ឍនា