ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨នេះ លោក លីម ហួមីន (Lim Hua Min) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PhillipCapital Group ត្រូវបានឧទ្ទេសនាមថាជា អ្នកជំនួញប្រចាំឆ្នាំ នៅក្នុងពិធីលៀងសាយភោជន៍ ក្នុងប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃពុធ ដោយលោកបានទទួលពានរង្វាន់កំពូលនេះក្នុងកម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី ដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយ។
លោក លីម បានដឹកនាំក្រុមហ៊ុននេះតាំងពីឆ្នាំ ១៩៧៥ បន្ទាប់ពីបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន និងប្រាក់កម្ចីពីធនាគារ ក៏ដូចជាដៃគូ ដើម្បីទិញក្រុមហ៊ុនជំនួញកណ្ដាលផ្នែកភាគហ៊ុន ដែលលែងមានសកម្មភាពមួយ ដោយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានផ្អាក។
អ្នកជំនួញជើងចាស់រូបនេះ បានធ្វើបដិវដ្ដឧស្សាហកម្មជំនួញកណ្ដាលផ្នែកផ្សារហ៊ុន នៅពេលដែលលោកបានដាក់ចេញនូវមូលដ្ឋានជួញដូរហ៊ុនតាមអ៊ិនធឹណិតដំបូងរបស់ប្រទេសសិង្ហបុរី ឈ្មោះថា POEMS។
ក្នុងរយៈកាលបួនទសវត្សរ៍មកនេះ លោកក៏បានអភិវឌ្ឍក្រុមហ៊ុនពីក្រុមហ៊ុនមានទីផ្សារតែមួយ និងផលិតផលតែមួយ ទៅជាក្រុមហ៊ុនធំក្នុងតំបន់អាស៊ី ដែលមានវត្តមានទូទាំងសកលលោក។លោកបានកាន់តំណែងជាន់ខ្ពស់នៅក្នុងទីផ្សារភាគហ៊ុនសិង្ហបុរី (SES) និងធ្លាប់បានធ្វើជាប្រធាន និងជាសមាជិករបស់គណៈកម្មាធិការនានានៃទីផ្សារភាគហ៊ុនសិង្ហបុរី។លោកលីម ត្រូវបានកោតសរសើរចំពោះភាពតស៊ូ និងភាពរឹងមាំរបស់លោក ដោយគណៈកម្មការវិនិច្ឆ័យនានា ដែលតែងតែនិយាយថា លោកតែងតែព្យាយាមដើម្បីសម្រេចឲ្យបាននូវលទ្ធផលត្រចះត្រចង់សម្រាប់អាជីវកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអាជីវកម្មនោះក្លាយជាអាជីវកម្មនាំមុខគេក្នុងវិស័យនេះ។
ក្រុមហ៊ុន PhillipCapital Group ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៧ ទូទាំងពិភពលោក រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស និងកម្ពុជាផងដែរ ដែលនៅកម្ពុជា ក្រុមហ៊ុននេះជាម្ចាស់របស់ធនាគារ PhillipBank ដែលផ្ដល់សេវាធនាគារពាណិជ្ជ និងសេវាធនាគារទូទៅដល់អតិថិជនកម្ពុជា តាមរយៈសាខាចំនួន ៦ របស់ខ្លួនដែលមានក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។
លោក ហាន ផេង គ័ង (Han Peng Kwang) នាយកចាត់ការទូទៅរបស់ធនាគារ PhillipBank បានរៀបរាប់ទាក់ទិននឹងពានរង្វាន់ ដែលអគ្គនាយករបស់លោកបានទទួល ដូច្នេះថា៖ “ការទទួលស្គាល់មកលើភាពនាំមុខគេនៃក្រុមហ៊ុនយើងនៅក្នុងផ្នែកសេវាហិរញ្ញវត្ថុនៅក្នុងតំបន់ទាំងមូល គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នាដែលបម្រើការនៅធនាគារ PhillipBank នេះ។ ពានរង្វាន់នេះនឹងជំរុញទឹកចិត្តឲ្យយើងផ្ដោតលើផែនការដ៏មហិច្ចិតារបស់យើងសម្រាប់ពេលតទៅមុខ ក្នុងប្រទេសកម្ពុជា”។
លោក ហាន បានថ្លែងថា ធនាគារ PhillipBank នឹងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានច្រើនទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ តាមរយៈការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗបំផុតនៅក្នុងប្រទែសទេសកម្ពុជា។
ធនាគារ PhillipBank គឺជាភាគហ៊ុននិកធំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលប្រាក់បញ្ញើ។ ក្រេឌីត មានបណ្ដាញសាខាចំនួន ៨៣ កន្លែងទូទាំងប្រទេសកម្ពុជា ដោយមានបុគ្គលិកចំនួនជាង ១០០០ នាក់។ បច្ចុប្បន្ន ពួកគេបម្រើដល់អតិថិជនកម្ពុជាចំនួន ១៣០.០០០ រូប ដែលប្រើសេវាប្រាក់បញ្ញើ និងប្រាក់កម្ចី។
កម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី (SBA) ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៥ ត្រូវបានរៀបចំរួមគ្នារវាងសារព័ត៌មាន The Business Times ដែលជាសារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ បោះពុម្ពផ្សាយដោយក្រុមហ៊ុន Singapore Press Holdings ព្រមជាមួយនឹងក្រុមហ៊ុន DHL ដែលជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។ ក្នុងនោះ ក្រុមគណៈកម្មការវិនិច្ឆ័យ មានសមាសភាពមកពីវិស័យពាណិជ្ជកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍អ្នកសិក្សា ក្នុងប្រទេសសិង្ហបុរី៕ ដោយ វឌ្ឍនា