Rolls-Royce បញ្ចេញរថយន្តបែប Black Badge ជាសំណុំលើកដំបូង

ចែករំលែក៖

​ក្រុមការងារ Bespoke នៅរោងចក្ររថយន្ត Rolls-Royce បានគិតឃើញនូវភាពកាន់តែងងឹត ជាងមុន សម្រាប់រថយន្ត Black Badge Wraith និង Dawn ដោយបង្កើតនូវសំណុំរថយន្តដែលចំនួនមានកំណត់ឈ្មោះថា Adamas។ ឈ្មោះរបស់រថយន្តនេះ ដែលមានន័យថា “មិនអាចផ្សំាងបាន” “មិនចេះចាញ់” ឬ “គ្រាប់ពេជ្រ” នោះ ក្រុមការងារក៏បានកែច្នៃនូវទឹកដៃសិប្បកម្ម ប្រកបដោយភាពទាន់សម័យ បំពាក់សម្រាប់រថយន្ត Black Badge Wraith ចំនួន 40 គ្រឿង និង Black Badge Dawn ចំនួន 30 គ្រឿង។
លោក Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា៖ “រថយន្ត Adamas គឺជាសំណុំរថយន្តដែលកើតឡើងចេញពីការផ្សំគ្នានូវសមត្ថភាពពិសេសរបស់ក្រុមសិប្បករ Bespoke របស់រោងចក្ររថយន្ត Rolls-Royce នៅក្រុង Goodwood នៃតំបន់ West Sussex គួបផ្សំនឹងស្មារតីបែបព្រហើនរបស់រថយន្ត Black Badge។ លទ្ធផលដែលបានមកគឺជារថយន្តមួយសម្រាប់អ្នកដែលត្រូវការលើសពីរថយន្តប្រណីត ។ នេះជារថយន្តសម្រាប់អ្នកដែលហ៊ានប្រថុយ ដែលមិនខ្លាចនឹងទទួលយកនូវភាពប្រណីតពិតៗ និងទាន់សម័យ ប៉ុន្តែក្នុងទម្រង់ជាភាពងងឹតបំផុត”។
នៅពេលដែលឃើញរថយន្ត Adamas គេនឹងចាប់អារម្មណ៍ភ្លាមចំពោះទេវរូប Spirit of Ecstasy ដែលបានផុសចេញពីភាពងងឹត ក្នុងសណ្ឋាណពណ៌ខ្មៅ។ ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលទេវរូបនេះត្រូវបានបង្កើតឡើងចេញពីសរសៃកាបូនច្នៃដោយម៉ាស៊ីន ដែលទេវរូបនេះតំណាងឲ្យគ្រប់ផ្នែកសំខាន់ទាំងអស់របស់សំណុំរថយន្តនេះ។ទេវរូបនាំមុខនេះ ត្រូវបានបង្កើតឡើងដោយសរសៃកាបូនប្រើក្នុងវិស័យអវកាស ចំនួន 294 ស្រទាប់ ដែលចំណាយពេល 68 ម៉ោងដើម្បីផលិត ដោយមុំនៃបច្ចេកទេសត្បាញគឺមានកម្រិត 25 ដឺក្រេ។ ទេវរូបនេះត្រូវបានដាក់ពីលើទម្រទីតាញ៉ូមដែលត្រូវបានបង្កើតយ៉ាងពិសេស តាមរយៈការរំហួតដោយទឹក ដើម្បីបង្កើតសម្រស់បែបខ្មៅងងឹត និងមានចារពាក្យថា “BLACK BADGE ADAMAS” និងរូបសញ្ញាអានន្ត។
នៅផ្នែកខាងក្រោមនៃកាងខាងមុខ ប្រហោងខ្យល់ពណ៌ខ្មៅខាងក្រោមត្រូវបានបំពាក់បន្ថែមជាមួយនឹងស៊ុមប៉ាណា ខ្មៅងងឹតរបស់រថយន្ត Black Badge ដោយបង្ហាញពីចរិតលក្ខណៈនៃភាពកាច និងមិនចុះញ៉មរបស់រថយន្ត Adamas។ ពេលបោះជំហានចូលទៅក្នុងរថយន្ត គេនឹងចាប់អារម្មណ៍ទៅលើនាឡិកា ដែលបញ្ចុះគ្រាប់ពេជ្រខ្មៅ។ ក្នុងការបំពាក់នូវសារជាតិកាបូនក្នុងទម្រង់យ៉ាងផ្ចិតផ្ចង់បំផុត គ្រាប់ពេជ្រខ្មៅដែលបណ្ដុះក្នុងបន្ទប់ពិសោធន៍ចំនួន 88 គ្រាប់ត្រូវបានយកទៅប្រើដើម្បីបង្កើតជានិមិត្តសញ្ញាអានន្តរបស់រថយន្ត Black Badge នេះ ដែលធ្វើឲ្យនឹកឃើញដល់ស្មារតីដែលមិនចេះរាថយនៃម្ចាស់រថយន្តទាំងអស់នេះ។ ពេជ្រខ្មៅត្រូវបានបញ្ចុះ នៅលើផ្ទាំងកាបូន ដោយត្រូវបានកែច្នៃយ៉ាងល្អឥតខ្ចោះ ដើម្បីបង្ហាញនូវសម្រស់ស្រស់ស្អាត និងពណ៌ភ្លឺថ្លា ។ គ្រឿងបំពាក់ដែលគួរឲ្យទាក់ចិត្តជាងគេបំផុត គឺប្រហែលជាការតុបតែងបែបគ្រាប់ពេជ្រនៅលើដំបូលផ្កាយនៃរថយន្ត Wraith Adamas។ អំពូលអុបទិកចំនួន 1340 អំពូល ត្រូវបានបំពាក់ បង្កើតបានជារូបរាង ប្រៀបបាននឹងទម្រង់មូលេគុលរបស់កាបូន នៅពេលដែលវាក្លាយជាគ្រាប់ពេជ្រ ដែលបង្ហាញឲ្យឃើញពីការរចនាដែលធ្វើឲ្យនឹកភ្នកដល់ឆ្អឹងខ្នងដ៏រឹងមាំរត់កាត់ផ្ទៃខាងក្នុងរបស់រថយន្ត។ ជាលើកដំបូងហើយ ដែលដំបូលផ្កាយមានបញ្ចូលនូវស្រមោលពន្លឺ ដោយប្រើប្រាស់នូវពណ៌ខុសៗគ្នាទៅតាមសំណុំពណ៌ដែលបានជ្រើសរើស ដើម្បីធ្វើឲ្យអ្វីៗមានភាពលេចធ្លោ។
សម្រាប់រថយន្តបែបសំណុំរបស់ Rolls-Royceវិញក្រុមការងាររបស់រថយន្ត Rolls-Royce Bespoke រួមមានអ្នករចនាម៉ូត វិស្វករ និងសិប្បករ នៅឯរោងចក្ររថយន្ត Rolls-Royce ក្នុងក្រុង Goodwood។ ក្រុមការងារនេះមានការយល់ដឹងអំពីអតិថិជនដែលមានការយល់ដឹងជ្រៅជ្រះរបស់ម៉ាកយីហោរថយន្តនេះ។ អតិថិជនរថយន្ត Rolls-Royce ត្រូវបានគេស្គាល់ដោយសារតែក្ដីប្រាថ្នារបស់ពួកគាត់គឺលើសពីការទិញរថយន្តទៅទៀត។ ពួកគាត់ស៊ាំនឹងភាពប្រណីតសម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិត ហើយពួកគាត់កុម្ម៉ង់រថយន្ត ដើម្បីប្រមូលទុក។ នេះជាចំណុចប្រសព្វគ្នាខាងផ្លូវចិត្តជាមួយនឹងក្រុមការងារ Rolls-Royce Bespoke ដែលផ្ដល់នូវការណែនាំក្នុងដំណើរការកុម្ម៉ង់ច្នៃរថយន្ត ដោយក្នុងនោះបានចែករំលែកនូវចំណេះដឹងជ្រៅជ្រះរបស់ខ្លួនក្នុងការបង្កើតនូវវត្ថុប្រណីតពិតៗ។ ក្រុមការងារ Bespoke ប្រើប្រាស់នូវចំណេះដឹងនេះ ដើម្បីបង្កើតនូវរថយន្តដែលមានចំនួនកំណត់ រថយន្តកម្រ ឬរថយន្តសម្រាប់ប្រមូលទុក ជាដើម ពោលគឺរថយន្តដែលជាសំណុំរបស់ Rolls-Royce៕​ដោយ វឌ្ឍនា

Rolls-Royce Black Badge Dawn & Wraith

...

Rolls-Royce Black Badge Dawn & Wraith


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print