ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ចេញពីគ្នាចំនួន១កង់ និងធ្វើឲ្យរថយន្ដបែកកង់មុខ រួចបន្តដំណើរទៅមុខបានប្រហែល១គីឡូម៉ែត្រ ដោយម្ចាស់រថយន្ដឆ្លៀតឈប់ប្ដូរកង់រថយន្ដដើម្បីងាយស្រួលធ្វើដំណើរតែត្រូវសមត្ថកិច្ចមកទាន់ឃាត់ជាប់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង២៥នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២០៥កែងមហាវិថីមៅសុីងទង់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាក តូយ៉ូតា ព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-5389 បើកបុរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើអោយខូចខាតរងបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីគ្នាមួយកង់។
សមត្ថកិច្ចបានអោយដឹងថា រថយន្ដបង្កក្រោយពីបង្កហេតុបានព្យាយាមបើកចេញពីកន្លែងកើតហេតុបំណងគេចខ្លួន តែពេលបើកមកដល់ផ្លូវព្រះមន្នីរ៉េតក្នុងសង្កាត់បឹងសាឡាងដោយឃើញរថយន្ដបែកកង់ម្ចាស់រថយន្ដបានឈប់ប្ដូរកង់ក៏ត្រូវកម្លាំងឃាត់បានតែម្ដង។
ក្រោយពីឃាត់រថយន្ដបង្កបានហើយ សមត្ថកិច្ចខណ្ឌបានរាយការណ៍ទៅកម្លាំងជំនាញក្រុងចុះធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ