ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិចិនចំនួន១៦៨នាក់ស្រី១៩នាក់ដែលនៅប្រទេសកម្ពុជាដោយមិនមានលិខិតត្រឹមត្រូវ និងក្រុមឆបោកតាមប្រព័ន្ធអ៊ិនធឺណេត បនបញ្ញ្ជួនទៅវិញដើម្បីប្រគល់អោយអន្តោប្រវេសន៍នៅប្រទេសចិនចាត់ការតាមនិតិវិធីច្បាប់។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងចំនួន២លើកដោយបញ្ជូនតាមជើងយន្តហោះនៅអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុងដោយយន្តហោះរបស់ប្រទេសចិនមកទទួលតែម្តង។ និងលើកទី១កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៥ បញ្ជូនទៅចំនួន៩០នាក់ក្នុងនោះមានស្រី៩នាក់ និងលើកទី២ បានធ្វើឡើងនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃខែដដែល ដោយបញ្ជូនទៅចំនួន៧៨នាក់។
លោកវិរសេនីទោ ឃុន សំបូ អគ្គរងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអោយដឹងថានៅឆ្នាំ២០១៥ នេះកម្លាំងរបស់លោកបានធ្វើការឃាត់ជនជាតិបរទេសដែលចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាដោយមិនមានលិខិតត្រឹមត្រូវនិងបណ្តេញទៅតាមប្រទេសរៀងៗខ្លួនវិញសរុបមកដល់ពេលនេះជិត៥០០០នាក់មកហើយ។ ហើយកម្លាំងរបស់លោកនិងបន្តសើបអង្កេតបណ្តែមទៀត ៕
ដោយ៖ សុខាសែនជ័យ