កំពង់ឆ្នាំង៖ តារាសម្តែងកញ្ញា ដួង ម៉ានិច បានចេញថតបញ្ចប់ ភាពយន្តភាគថ្មីរឿង”ដែនដីស្នេហ៍អាថ៌កំបាំង”ស្រាប់តែតារាស្រីរូបនេះភ្លាត់ស្នៀតធ្លាក់ពីលើសេះរហូតដល់របួសជើង ធ្លោះចង្កះនិងជាប់គ្រលៀន។
ដួង ម៉ានិច ទទួលបានតំណែងជាតួឯកស្រីក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍PNNគឺរឿង”ដែនដីស្នេហ៍អាថ៌កំបាំង”ដោយសម្តែងរួមជាមួយលោក ណាខុន។ នាងក៏បានក្លាយជាតារាចិត្តស្លុយប្រថុយនឹងឈុតឆាកលំបាកៗជាច្រើនដែលគ្រានាងថតភាពយន្តរឿង”ពស់កេងកង”នាងក៏ចិត្តសឿងថតជាមួយពស់ថ្លាន់យ៉ាងធំផងដែរ។ ក្រោយជោគជ័យខ្លាំងក្នុងរឿងនេះនាងក៏ទទួលបានឱកាសថតភាពយន្តភាគថ្មីមួយដែលតម្រូវឲ្យថតនៅតំបន់ព្រៃភ្នំនិងត្រូវជិះសេះផ្ទាល់រហូតមានរបួស។ នាងបញ្ជាក់ថា ភាពយន្តថ្មីនេះនាងបានចំណាយពេលថតប្រមាណ៤ខែកន្លងមកហើយ។ នាងថាពិតជាមានការលំបាកច្រើនក្នុងការចេញថតភាពយន្តមួយនេះដែលភាគច្រើនមានឈុតឆាកនៅក្នុងព្រៃភ្នំដែលមានទេសភាពល្អ។ នាងថាថ្ងៃទី២៥ខែមេសានេះនាងបានថតឈុតសំខាន់ៗមួយចំនួននៅវត្តព្រះធាតុក្រោយនៃទឹកដីខេត្តកំពង់ឆ្នាំង ដែលតម្រូវឲ្យនាងជិះសេះដោយផ្ទាល់រហូតភ្លាត់ស្នៀតសេះផ្អើលធ្លាក់ពីលើសេះមួយទំហឹងរហូតដល់របួសជើង ថ្លោះចង្កះ និងជាប់គ្រលៀនព្រោះដួលនៅលើថ្មមួយទំហឹងនោះ។
តារាស្រីរូបនេះនៅតែមិនរាថយ និងពោលពាក្យពេញចិត្តខ្លាំងចំពោះស្នាដៃថ្មីចុងក្រោយនេះដែលជាភាពយន្តមានរសជាតិថ្មី និងផ្តិតយកទិដ្ឋភាពតាមដងព្រៃភ្នំ ទឹកជ្រោះ នៃតំបន់ឆ្ងាយមកចែកជូនទស្សនិកជន។ នាងថាភាពយន្តនេះនឹងបញ្ចប់ការផលិតនៅចុងខែមេសានេះ ហើយបើទោះបីជាជួបឧបសគ្គ និងការលំបាកជាច្រើនគឺនាងនៅតែតស៊ូរហូតបញ្ចប់ការថតភាពយន្តនេះជាស្ថាពរ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ នាងរំពឹងដែរថាការព្យាយាមរួមគ្នារវាងផលិតករ សិល្បករ និងក្រុមបច្ចេកទេសគ្រប់ផ្នែកក្នុងការផលិតភាពយន្តនេះអាចនឹងនាំនូវរស់ជាតិភាពយន្តថ្មីប្លែកសម្រាប់ទស្សនិកជន ដែលភាពយន្តនេះនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍៕