ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៨ស្អែកនេះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៨ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំរបស់ជាតិមួយនេះ ក៏មានអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយកខេត្តស្វាយរៀងជា ទីកន្លែងប្រារព្ធពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។  បើតាមអាជ្ញាធរខេត្ត អ្នកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ នឹងមានជាង២ម៉ឺននាក់។

រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង។

ក្នុងព្រះរាជកម្មវិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាមេហួ។

គួរបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណី ដ៏មានសារះសំខាន់ក្នុងបញ្ដាព្រះរាជពិធីបុណ្យទ្វាទសមាស​ប្រចាំឆ្នាំដោយចាត់ទិកថាជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឺកនាំប្រារព្វធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក ជាក់ស្ដែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ)កាលព្រះអង្គមានព្រះជន្មគង់នៅនិងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរនិងសុភមង្គលស្ដេចសព្វព្រះរាជហឬទ័យ យាងច្រត់ដោយផ្ទាល់ព្រះអង្គនៅតាមបណ្ដារាជធានីខេត្តមួយចំនួនដូចជារាជធានីភ្នំពេញខេត្តកណ្ដាលខេត្តកំពង់ចាមខេត្តស្វាយរៀងខេត្តសៀមរាបខេត្តកំពង់ស្ពឺខេត្តតាកែវជាដើម។

ចំណេរកាលក្រោយមកព្រះមហាក្សត្រស្ដេចពុំបានយាងច្រត់ដោយផ្ទាល់ព្រះអង្គឡើយព្រះះង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួសតែព្រះះង្គស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីនេះវិញ។ ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គលឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រាចម្ការរបស់ប្រជាកសិករនិងបួងសួងដល់វត្ថុស័ក្តិ សិទ្ធអោយបង្អុទឺកភ្លៀងបរិបូរណ៏តាមរដូវកាលបម្រើអោយវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print