ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខណ្ឌដូនពេញដេញឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែត្រូវនារីរងគ្រោះស្រែកអោយគេជួយ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្សខាងមុខភ្លើងស្តុបអូតែលភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺកើតឡើងនៅម្ដុំពេទ្យអង្គដួង ហើយដោយឃើញជនរងគ្រោះស្រែកអោយជួយថាមានចោរឆក់ ទើបកម្លាំងអាវុធហត្ថខណ្ឌរួមទាំងកម្លាំងនគរបាលប្រដេញចាប់ជនសង្ស័យរហូតដល់ចំណុចភ្លើងស្តុបអូតែលភ្នំពេញទើបចាប់ជនសង្ស័យបានម្នាក់និងម៉ូតូឌ្រីមសង់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ1A-3698 ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាននាំជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក តែដោយករណីនេះកម្លាំងកងរាជអាវុធហត្ថជាម្ចាស់ករណីទើបប្រគល់អោយកម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធី៕ជ្រោយពេជ្រ