ខេត្ដរតនគិរី៖ ម៉ូតូដឹកឈើប្រណីត ប្រភេទធ្នង់ជាច្រើនគ្រឿង ដែលសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកអណ្ដូង មាសសម្រុកដឹកជញ្ជូនយកទៅលក់ នៅឯប្រទេសវៀតណាមតាមច្រករបៀង មួយចំនួនដូចជាច្រកFA6នឹងច្រករបៀងFA8 ហៅច្រកអូរសាថី ច្រកតាង៉ានិង ច្រកភូមិចង ស្ថិតក្នុងភូមិសាស្ដ្រ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី ។
ជាក់ស្ដែងនៅវេលាទៀបភ្លឺ នាព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ គេឃើញម៉ូតូ ដឹកឈើមិន ក្រោមពី២០០គ្រឿងនោះ ទេបានសម្រុកដឹកឈើឡើងលើភ្នំញ៉ាង មានទាំងមនុស្សស្រីនិងមនុស្សប្រុសជា អ្នកបើកបរម៉ូតូដឹកឈើប្រណីតចេញពីបណ្ដាស្រុកដូចជាស្រុកវ៉ើនសៃ ស្រុក អូរជុំ និងស្រុកតាវែង ហើយដឹកឆ្លង កាត់ដីសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូ ក្រុមហ៊ុនហេងប្រាឌ័រ និងក្រុមហ៊ុនហ៊ង អាញម៉ាងយ៉ាងខេអណ្ដូងមាសរួចចូល មកទីរួមស្រុកអណ្ដូងមាសកាត់មុខសមត្ថកិច្ចស្រុក និងអធិការដ្ឋាននគរបាល ស្រុកសឹករងស្រុកនិងសាលាស្រុកអណ្ដូងមាស ។ ឈើទាំងនេះត្រូវដឹកតាមស្រឡាង បន្ដឆ្ពោះទៅភ្នំញ៉ាងក៏គេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណាមួយបង្ក្រាបដែរ ។
តាមប្រភពពីអ្នកដឹកឈើតាមម៉ូតូ នោះបានប្រាប់ឱ្យដឹងថា ពេលដឹកជញ្ជូន ឈើឆ្លងកាត់ក្រុមហ៊ុនដីសម្បទានខាង លើនោះមានសមត្ថកិច្ចជាច្រើនស្ថាប័ន ចាំទារលុយពីអ្នកដឹកឈើទាំងនោះរួមទាំង អង្គការមួយដាក់កុងត្រូលជជុះចាំយក លុយពីបទល្មើសនេះ ។ នៅក្នុងខេត្ដរតនគិរី នេះគេតែងតែសង្កេតឃើញសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសដឹកជញ្ជូនឈើ តាមរថយន្ដណាដែលខូចដូចជាបែកកង់ឬក្រឡាប់ទៅមុខលែងរួចនិងរថយន្ដឬម៉ូតូណាដែលមិនបានបង់លុយតែប៉ុណ្ណោះ ។ ចំពោះការដឹកជញ្ជូនតាមម៉ូតូយ៉ាងច្រើនកកកុញនៅជើងភ្នំញ៉ាងនាព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ មិនមានការបង្ក្រាបពី សមត្ថកិច្ចនោះឡើយដោយសារតែក្រុមអ្នកដឹកឈើទាំងនេះបង់លុយឱ្យគ្រប់ ចំនួន ។
ទាក់ទិននឹងករណីខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឡែង យុគនាយផ្នែករដ្ឋបាលព្រៃឈើស្រុក អណ្ដូងមាសបានទេនៅរសៀលថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដោយពុំមានលេខ ទូរស័ព្ទ ៕
ដោយ៖ អ៊ុច សាវុទ្ធ