សម្តេចតេជោ ហ៊ុន សែន ៖ ការឃោសនាមិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត

ចែករំលែក៖

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ បើតាមដំណឹងពី (គ.ជ.ប) គឺមានគណបក្ស៣ហើយដែលបានចុះបញ្ជីរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះគឺ ១)គណបក្សប្រជាជនកម្ពុជា ២)គណបក្សសញ្ជាតិកម្ពុជា និង ៣)គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយពេលខ្លី។ ទន្ទឹមនឹងនោះ គឺមានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ ឆ្នាំ ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត។ 

សម្តេចមានប្រសាសន៍បន្តថា៖ ខ្ញុំសូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។

សម្តេចក៏សូមអរគុណបងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់អាណត្តិដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print