បុរសម្នាក់ដុតសម្លាប់ខ្លួនឆេះទាំងផ្ទះក្រោយស្រវឹងស្រា និងឈ្លោះប្រពន្ធ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់អ្នកភូមិសង្កេតតែងផឹកស្រាស្រវឹងខួបបានផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធឈានដល់ហ៊ានយកសាំងដុតសម្លាប់ខ្លួនឯងឆេះទាំងផ្ទះអស់ទាំងស្រុកទាំងយប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ។ ហេតុការណ៍កើតឡើងកាលពី៨ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

​បើតាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកបាណន់ លោក ប៉ាន់ វ៉ាន់ឌី ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានឈ្មោះ ភ្លឿន ទិត្យ អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាង លើបន្ទាប់ពីផឹកស្រាស្រវឹងជោគជាំហើយនោះ បានឈ្លោះប្រកែកជាមួយប្រពន្ធមិនដឹងពីមូល ហេតុអ្វីនោះឡើយនៅចំណុចតូបលក់ចាប់ហួយខាងមុខផ្ទះរបស់ខ្លួន ។

ក្រោយពីប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នាដល់ឡើងកំដៅខ្លាំងនោះហើយ ស្រាប់តែបុរសជាប្តីទៅយកសាំងដាក់លក់ខាងមុខតូបមុនដំបូងគំរាមដុតខ្លួនឯង ទោះបីមានការអង្វរពីអ្នកភូមិក៏បុរសនោះមិនស្តាប់ដែរ ។ ក្រោយមកក៏ស្រាប់តែបុរសនោះ យកសាំង ដុតខ្លួនឯងនៅក្នុងផ្ទះតូបលក់អីវ៉ាន់ចាប់ហួយបណ្តាល និងស្លាប់បុរសរូបនោះនៅក្នុងភ្លក់ភ្លើង គ្មានអ្នកណាជួយសង្រ្គោះបាននោះឡើយ ចំណែកប្រពន្ធវិញរត់ចេញគេចពីគ្រោះថ្នាក់ ។

​លោកអធិការនគរបាលស្រុកបាណន់ប្រាប់ឱ្យដឹងទៀតថា ក្នុងហេតុការណ៍នោះដែរមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង១គ្រឿង បានចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់មិនបង្ករាលដាលឆាបឆេះផ្ទះអ្នកជិតខាងនោះឡើយ ។ អគ្គិភ័យបង្កឡើងបុរសម្ចាស់ផ្ទះដុតសម្លាប់ខ្លួនឯង បានឱ្យរងការឆាបឆេះទ្រព្យសម្បត្តិ អីវ៉ាន់ របស់របរប្រើប្រាស់ទាំងស្រុងនៅក្នុងផ្ទះ និងផ្ទះតូបលក់អីវ៉ាន់ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print