ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកអះអាងថា សុខភាពរបស់សម្តេច គឺល្អប្រសើរជាធម្មតា ហើយបានហាត់ប្រាណជាទៀងទាត់ថែមទៀតផង។
ការចេញពីមកបញ្ជាក់ពីស្ថានភាពសុខភាពនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្ស័យថា មានប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថាសម្តេចមានបញ្ហាសុខភាព ក្រោយពេលពួកគេបានឃើញរូបភាពសម្តេចសម្រាកក្នុងមន្ទីរពេទ្យ ដែលបានបង្ហោះលើទំព័រ Facebook កាលពីឆ្នាំ២០១៦នោះ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះមានបងប្អូនមួយចំនួន បានផ្ញើសារមកជូនពរខ្ញុំ និងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំប្រហែលមកពីរូបថត ១សន្លឹកដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យកាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ។ ពេលនេះសុខភាពខ្ញុំល្អណាស់ថែមទាំងហាត់ប្រាណបានទៀងទាត់ផង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានព្រួយបារម្ភពីសុខភាពរបស់សម្តេច៕