ភ្នំពេញ៖ ដើម្បីងាយស្រួលសម្រាប់ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ដែលដើរលេងកម្សាន្តនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដំឡើងឧបករណ៍ប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃបានហើយ ចាប់ពីថ្ងៃនេះតទៅ។
បើតាម Facebook Page ផ្លូវការ របស់ទូរគមនាគមន៍កម្ពុជា (Telecom Cambodia) បានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះទៅ លោក-អ្នក អាចប្រើប្រាស់ សេវាអ៊ីនធើណិត Public Wi-Fi ដោយមិនគិតថ្លៃ ដោយគ្រាន់តែជ្រើសរើសយក TC Free Wi-Fi នៅតាមបណ្តោយសួនច្បារវិមានឯករាជ្យ ដល់ស្ពានឆ្លងទៅកោះពេជ្រ និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ»។
ទូរគមនាគមន៍កម្ពុជា បានបន្ថែមទៀតថា អ៊ីនធើណិត (Public Wi-Fi) ជាអ៊ីនធើណិតល្បឿនលឿន និងបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្ម ទូរគមនាគមន៍កូរ៉េ (Korea Telecom) នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៃកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ភាគីកូរ៉េខាងត្បូង បានផ្ដល់ជូននូវគម្រោងអ៊ីនធើណិតសាធារណៈ (Public Wifi) និង Digital Conectivity for School ដើម្បីដំឡើងនៅទីតាំងចំនួន ៥កន្លែង រួមមាន៖
ទី១៖ សួនច្បារសម្ដេច ហ៊ុន សែន, ទី២៖ សួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ, ទី៣៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, ទី៤៖ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៥៖ នៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឧបករណ៍ប្រព័ន្ធអ៊ីនធើណិត នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅបរិវេណ វិមានឯករាជ្យ (នាគបាញ់ទឹក)៕
ដោយ៖ សហការី