ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះរួមមាន មន្ដ្រីខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល អាវុធហត្ថ យោធាសឹករង សហគមនេសាទ បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ។
ប្រភពពីកម្លាំងចុះអនុវត្តន៍បានឱ្យដឹងថា លទ្ធផលក្នុងការបង្ក្រាបដូចក្នុងរូបភាព រួមមាននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ធ្វើការបង្ក្រាបឧបករណ៍ប្រភេទ ឈ្នក់ ច្រើនកន្លែង លុះព្រឹកថ្ងៃទី០៩ កម្លាំងបន្ដបង្ក្រាបកាណូតអូសលៀសចំនួន ១០គ្រឿង ត្រង់ចំណុចកណ្ដាលទន្លេស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឱ្យធ្វើសកម្មភាពបន្ត ហើយបន្តបង្ក្រាបរបាំងសាច់អ៊ួន ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ បង្គោលចំរឹង ៥៥៧ដើម ក្បាលបរ ៤គ្រឿង ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៥៥គីឡូក្រាម ស្ថិតក្នុងភូមិក្អមសំណ ឃុំរាំងទិល លុះដល់ថ្ងៃទី១០ កម្លាំងបន្តបង្ក្រាបរបាំងសាច់អ៊ួនចំនួន ៣ខ្សែ ប្រវែង ៣៧០ម៉ែត្រ បង្គោលចំរឹង ១៨៥ដើម ក្បាលបរចំនួន ៥គ្រឿង ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ១៥គីឡូក្រាម ហើយបន្តបង្ក្រាបរបាំងសាច់អ៊ួន ២ខ្សែទៀត មានប្រវែង ៧០០ម៉ែត្រ បង្គោលចំរឹង ៣១៨ដើម ក្បាលបរ ៤គ្រឿង ចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន ២៥គីឡូក្រាម នៅក្នុងដែនអភិរក្សជលផលអតីតឡូត៍នេសាទលេខ ២ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពបន្តទៀតថា លទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើ វត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ហើយកម្លាំងទាំងនោះសន្យានឹងបន្ដធ្វើការបង្ក្រាបជាបន្ដបន្ទាប់ទៀត ឱ្យដូចភ្លៀងរលឹម ។
ការបង្ក្រាបបទល្មើសនេសាទយ៉ាងច្រើនសន្ធឹងសន្ធាប់ ពីកម្លាំងខាងលើ ត្រូវបានប្រជានេសាទជាលក្ខណៈគ្រួសារសរសើរ ប៉ុន្ដែទន្ទឹមនឹងការបង្ក្រាបនេះ ពួកគាត់ឃើញមានរបាំងសាច់អ៊ួនរាប់រយខ្សែមានប្រវែង រាប់ពាន់ម៉ែត្រនៅក្នុងភូមិដីរនាត ឃុំមេទឹក មិនទាន់មានការបង្ក្រាបនៅឡើយ ។
ដោយ៖ ប៉ឹម ពិន