ភ្នំពេញ ៖ ដើម្បីការពារអាយុជីវិតអ្នកដំណើរតាមដងផ្លូវជាតិ អ្នកបើកបររថយន្តបង្ខំចិត្តបើកបុកខឿនសួនច្បារនៅគល់ស្ពានព្រះមុនីវង្សថ្មីបន្ទាប់ពីដឹងថារថយន្តរបស់ខ្លួនបើកចុះស្ពានហើយជាន់ហ្វ្រាំងអត់ស៉ីបណ្តាលអោយអ្នកបើកបរនិងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
លោកវរៈសេនីយ៍ឯក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរខណ្ឌបានអោយដឹងថា មុនពេលគ្រោះថ្នាក់រថយន្តម៉ាកតាកូម៉ាបើកបរចុះស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើត ពេលចុះស្ពានជាន់ហ្វ្រាំងអត់ស៉ី គ្រានោះអ្នកបើកបរបានបង្ខំចិត្តបើកបុកខឿនសួនច្បារព្រោះនៅពីមុខមានអ្នកដំណើរច្រើន ។ ពេលបើកបុកខឿងសួនច្បារទប់ល្បឿនមិនជាប់នោះទេបណ្តាលអោយរថយន្តជ្រុលទៅបុកស្លាកចារឹកសម្គាល់កិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា_ជប៉ុន ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ១ ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់បាក់ឆ្អឹងជំនី និងអ្នករួមដំណើររងរបួសស្រាល ដោយឡែកអ្នកធ្វើដំណើរតាមផ្លូវមិនមានរងរបួសនោះទេ ។
បច្ចុប្បន្នរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕ សណ្តោស